(ហុងកុង)៖ អភិបាលទីក្រុងហុងកុងលោកស្រី ខារី ឡាំ បានច្រានចោលការរិះគន់ដោយសហរដ្ឋអាមេរិក ទៅលើការបង្ក្រាបកាសែតគាំទ្រលទ្ធិប្រជាធិបតេយ្យ Apple Daily កាលពីពេលថ្មីៗនេះ និងបានបញ្ជាក់ច្បាស់ៗតបវិញថា សារព័ត៌មានទាំងអស់នៅហុងកុង មិនត្រូវធ្វើជាអ្នកញុះញង់ បំផ្លាញដល់រដ្ឋាភិបាលនោះឡើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Bangkok Post នៅរសៀលថ្ងៃអង្គារ ទី២២ ខែមិថុនា ឆ្នាំ២០២១។
ជុំវិញបញ្ហាក្តៅគគុកថ្មីខាងលើនេះ មេដឹកនាំទីក្រុងហុងកុងលោកស្រី ខារី ឡាំ បានបកស្រាយថា «វាមិនមែនជាបញ្ហាឡើយ ដោយគ្រាន់តែធ្វើការរិះគន់ ចំពោះរដ្ឋាភិបាលទីក្រុងហុងកុងនោះ, ប៉ុន្តែប្រសិនបើវាជាចេតនារៀបចំសកម្មភាព ដើម្បីញុះញង់ឲ្យមានវិទ្ធង្សនាចំពោះរដ្ឋាភិបាលវិញ នោះគឺជារឿងខុសគ្នា។ សារព័ត៌មានជាមិត្តទាំងឡាយ គួរតែមានសមត្ថភាពក្នុងការបែងចែក រវាងបញ្ហាទាំងអស់នេះ»។
គួរបញ្ជាក់ថា កាលពីចុងសប្តាហ៍មុននេះ សារព័ត៌មានគាំទ្រលទ្ធិជាប្រជាធិបតេយ្យដ៏ធំគឺ Apple Daily ត្រូវបានអាជ្ញាធរហុងកុងចុះបង្ក្រាប ដោយក្នុងនោះ និពន្ធនាយកកាសែតនេះសរុប ០៥នាក់ ត្រូវបានចាប់ខ្លួន ហើយគណនីធនាគាររបស់សារព័ត៌មាននេះ ក៏ត្រូវបានបង្កកផងដែរ។ ប្រការនេះបានធ្វើឲ្យប្រទេសលោកខាងលិច ជាពិសេសគឺអង់គ្លេស និងសហរដ្ឋអាមេរិក រិះគន់យ៉ាងចាស់ដៃ។
ទោះជាយ៉ាងណា អាជ្ញាធរហុងកុងបានធ្វើការចោទប្រកាន់ថា ពួកគេបានគុបគិតជាមួយបរទេស ដែលបំពានទៅនឹងច្បាប់រក្សាសន្តិសុខ នៃទីក្រុងស្វយ័តរបស់ចិនមួយនេះ។ ថ្នាក់ដឹកនាំពីររូបរបស់ ស្ថាប័នសារព័ត៌មាខាងលើនេះ ត្រូវបានចោទប្រកាន់រួចហើយ ដោយច្បាប់ប្រឆាំងឧក្រិដ្ឋកម្មទីក្រុងហុងកុងពីបទ «សរសេរអត្ថបទញុះញង់ឲ្យអន្តរជាតិ ដាក់ទណ្ឌកម្មប្រឆាំងមេដឹកនាំចិន និងហុងកុង»៕