(កណ្ដាល)៖ ស្ត្រីមេម៉ាយក្រីក្រមានកូនចំនួន៣នាក់ ក្នុងបន្ទុកទទួលបានការយកចិត្តទុកដាក់ពីអាជ្ញាធរស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល ដោយបានជួយទំនុកបម្រុង និងថែទាំសុខភាព និងស្វែងរកសប្បុរសជនជួយសាងសង់ គេហដ្ឋានជូនមួយខ្នងផងដែរ ក្រោយស្ត្រីរូបនេះបានសុំអន្តរាគមន៍ទៅអាជ្ញាធរពីករណីមិនមានផ្ទះសំបែងស្នាក់នៅ និងមានជីវភាពក្រីក្រ។
ក្រោយទទួលដំណឹងនេះភ្លាម អាជ្ញាធរបានគិតគូរជួយឧបត្ថម្ភគ្រឿងឧបភោគបរិភោគជាមុនសិន ហើយក៏មានសប្បុរសជនម្នាក់ឈ្មោះ ពោច សួរ និងគ្រួសាររបស់លោក មានចិត្តអាណិតអាសូរដល់ស្ត្រីក្រីក្ររូបនេះ ព្រមទាំងកូនទាំង៣រូប ក៏លោក និងគ្រួសារបានឧបត្ថម្ភថវិការសាងសង់គេហដ្ឋានសមរម្យមួយខ្នងដោយចំណាយប្រាក់សាងសង់អស់ជាង៨ពាន់ដុល្លាសំរាប់ស្នាក់នៅជាជម្រក និងជួយឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ជាច្រើនផ្សេងទៀតផងដែរ។ ផ្ទះស្ត្រីរូបនេះស្ថិតនៅភូមិព្រែកបាំង ឃុំស៊ីធរ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
ស្ថិតក្នុងឱកាសចុះប្រគល់ផ្ទះ និងជូនអំណោយដល់ស្ត្រីមេម៉ាយរូបនេះនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ លោក រស់ សំអុល មេឃុំស៊ីធរ បានលើកឡើងថា ដោយយល់ឃើញពីទុក្ខលំបាករបស់ស្ត្រីមេម៉ាយ កូន៣នាក់គ្មានផ្ទះសំបែងស្នាក់នៅ រស់ក្រោមសំយ៉ាបផ្ទះគេ ទើបលោកបានសហការគ្នាជាមួយលោក ពោច សួរ ចុះជួយឧបត្ថម្ភដល់គ្រួសារស្ត្រីក្រីក្ររូបនេះ ព្រមទាំងសាងសង់គេហដ្ឋានសមរម្យមួយជូនដល់គាត់ថែមទៀតផង ដែលនេះជាការយកចិត្តទុកដាក់ពីលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានចង្អុលបង្ហាញឲ្យមានការគាំពារដល់ស្ត្រីរូបនេះឲ្យមានផ្ទះសំបែងស្នាក់នៅសមរម្យមួយ។
លោកបន្ថែមថា អាជ្ញាធរបានជួយទំនុកគ្រប់បែបយ៉ាងដល់ស្ត្រីរូបនេះ ហើយសប្បុរសធម៌ដ៏មានចិត្តធម៌ផងនោះ លោក ពោច សួរ និងគ្រួសារដែលមានទឹកចិត្តឧបត្ថម្ភមកដល់ស្ត្រីរូបនេះ ដោយបានកសាងគេហដ្ឋានសមរម្យមួយ ជូនអ្នកស្រី ដោយចំណាយថវិការអស់ប្រមាណជា៨ពាន់ដុល្លាសហរដ្ឋអាមេរិក ព្រមទាំងមានគ្រឿងឧបភោគបរិភោគយ៉ាងច្រើនផ្សេងទៀតផង ។
ស្ត្រីមេម៉ាយរូបនេះឈ្មោះ សាន សរ អាយុ៣៩ឆ្នាំ កម្មការនីរោងចក្រក្ដារបន្ទះ បានលើកម្រាមដៃ១០ គោរពថ្លែងអំណរគុណដល់លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ដែលបានយកចិត្តទុកដាក់ជួយដល់អ្នកស្រី តាមរយ:អាជ្ញាធរស្រុកខ្សាច់កណ្ដាល និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក ពោច សួរ ព្រមទាំងក្រុមគ្រួសារ ដែលបានខ្នះខ្នែងជួយឧបត្ថម្ភដល់អ្នកស្រីនូវគេហដ្ឋានមួយខ្នង ព្រមទាំងសម្ភារ: និងគ្រឿងឧបភោគបរិភោគយ៉ាងច្រើន ដែលនេះសបញ្ជាក់ឲ្យឃើញពីគុណតម្លៃនៃថ្នាក់ដឹកនាំខេត្តកណ្ដាល និងទឹកចិត្តសប្បុរសរបស់លោកពោច សួរ ព្រមទាំងក្រុមគ្រួសារផងដែរ។
ទន្ទឹមនឹងនេះដែរ បើតាមលោក ពោច សួរ បានលើកឡើងថា ដោយសារតែក្ដីអាណិតអាសូរមេត្តាករុណា ទើបលោកនិងភរិយា សម្រេចចិត្តជួយដល់ស្ត្រីមេម៉ាយមានកូន៣នាក់នេះឲ្យមានគេហដ្ឋានមួយលើដីរបស់គាត់ ដោយសាងសង់ផ្ទះមួយសមរម្យ ទំហំ ៦×៧ម៉ែត្រ ព្រមទាំងបានឧបត្ថម្ភសម្ភារ គ្រឿងឧបភោគបរិភោគ ព្រមទាំងថវិការមួយចំនួន។ ដ្បិតទាំងនេះជាទឹកចិត្តបន្តិចបន្តួចក្ដី តែនេះឆ្លុះបញ្ចាំងឲ្យឃើញពីគុណតម្លៃខ្មែរស្រលាញ់ខ្មែរ ខ្មែរជួយខ្មែរ។
លោកថា លោកនៅតែបន្តជួយសង្រ្គោះដល់ជនក្រីក្រជាបន្តបន្ទាប់ទៅមុខទៀតតាមលទ្ធភាពដែលអាចធ្វើបាន ហើយលោកក៍នៅតែបន្តជួយឧបត្ថម្ភដល់កុមារកំព្រា ជនក្រីក្រ និងជួយកសាងហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងមូលដ្ឋានតាមដែលអាចធ្វើបានផងដែរ ដើម្បីចូលរួមចំណែកជាមួយអាជ្ញាធរ ក្នុងទិសដៅជួយអភិវឌ្ឍន៍មូលដ្ឋានឲ្យមានការរីកចំរើនទៅមុខ ជាប្រយោជន៍រួមសំរាប់សហគមន៍៕