(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ក្រុមការងារដឹកនាំដោយលោក អាំង សិរីពិសិដ្ឋ អភិបាលរងខណ្ឌចំការមន និងមានការចូលរួមពីលោកស្រី ឡេង ផល្លី បានចុះផ្តល់អំណោយដល់ ប្រជាពលរដ្ឋប្រកបរបររកទទួលទាន តាមរទេះរុញ ជាលក្ខណៈសេដ្ឋកិច្ចក្រៅប្រព័ន្ឋ ដូចជា អ្នកលក់លៀសហាល លក់ខ្ចៅ លក់នំកង ប្រមាណ២០០គ្រួសារ រស់នៅក្នុងភូមិ៤ និងភូមិ៥ ប្រឡាយបឹងត្របែក ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំករមន។
លោក អាំង សិរីពិសិដ្ឋ បានសុំឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់ផ្សារដើមថ្កូវ បន្តយកចិត្តទុកដាក់អនុវត្តនូវវិធាននានារបស់ក្រសួងសុខាភិបាល ក្នុងការការពារ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ។ ខណៈនៅរាជធានី បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ជាបន្តបន្ទាប់ និងមានអ្នកស្លាប់ដោយសារជំងឺនេះផងដែរនោះ ដូច្នេះដើម្បីការពារកុំឱ្យជំងឺកូវីដ១៩ បន្តឆ្លងក្នុងសហគមន៍ទៀត មានតែយើងទាំងអស់គ្នា ចូលរួមអនុវត្តតាមអនុសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន «៣ការពារ និង៣កុំ» ដើម្បីទប់ស្កាត់កុំឱ្យមូលដ្ឋានយើងមានអ្នកឆ្លងជំងឺកូវីដ នៅក្នុងសហគមន៍យើង។
ក្នុងឱកាសនេះដែរ លោកអភិបាលរងខណ្ឌ ក៏បានផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោក ឃួង ស្រេង អភិបាលរាជធានី ជូនចំពោះបងប្អូនប្រជាពលរដ្ឋយើង ដែលសម្ដេចតែងបានគិតគូរខ្ពស់ ចំពោះបងប្អូន ដោយបានចាត់ឱ្យមន្ត្រី ក្នុងមូលដ្ឋាន ចុះសួរសុខទុក្ខ និងនាំយកអំណោយមកចែកជូនបងប្អូននាពេលនេះ ដែលជាសក្ខីភាពមួយបញ្ជាក់ឲ្យឃើញបេះដូង សប្បុរសធម៌ និងសេចក្តីស្រលាញ់ ចេះចែករំលែក ជួយសង្គ្រោះ ដោយមិនប្រកាន់ពណ៌សប្បុរ ឬសាសនា និងនិន្នាការនយោបាយណាមួយឡើយ ពោលគឺធ្វើឡើងដោយទឹកចិត្តអាណិតស្រាលាញ់ ខ្មែរជួយខ្មែរក្នុងគ្រាលំបាក ដូចពេលនេះ។
លោក អាំង សិរីពិសិដ្ឋ បានថ្លែងថា ក្នុងនាមប្រជាពលរដ្ឋទាំងអស់ នៅក្នុងសង្កាត់ផ្សារដើមថ្កូវ សូមថ្លែងការអរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រី ឡេង ផល្លី ប្រធានក្លឹប Rotary Club of Phnom Penh Chaktomuk កម្ពុជា ដែលបានផ្តល់អំណោយទាំងនេះ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃ ជំងឺកូវីដ-១៩ដែលកំពុងឆ្លងយ៉ាងខ្លាំង នៅរាជធានីភ្នំពេញនេះ។
តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាង សំខាន់ជាមួយរដ្ឋបាលខណ្ឌ និងរាជរដ្ឋាភិបាលស្របតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានទាន់ពេលវេលា។ ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ នឹងត្រូវបានចងចាំដោយរដ្ឋបាលខណ្ឌ និងរដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងប្រជាពលរដ្ឋកម្ពុជាទាំងអស់។
ក្នុងឱកាសនោះដែរ លោក អាំង សិរីពិសិដ្ឋ បានថ្លែងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងប្រឡាយ សូមទុកដាក់សំរាមអោយបានត្រឹមត្រូវ កុំបោះសំរាមចូលក្នុងប្រឡាយ ព្រោះថាក្រោមគំនិតផ្ដើមរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រដ្ឋបាលរាជធានីនឹងប្រែក្លាយប្រឡាយបឹងត្របែកនេះ ទៅជាប្រឡាយបេតុងយ៉ាងស្អាត គ្មានក្លិនស្អុយ និងអាចរំដោះទឹកទាន់ពេលវេលា។
លោកស្រី ឡេង ផល្លី ប្រធានក្លឹប Rotary Club of Phnom Penh Chaktomuk បានថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋថា សូម ពូ មីង ប្អូនៗ ថែរក្សាសុខភាពអោយបានល្អ ហូបចុក កុំធ្វេសប្រហេស ត្រូវមានអនាម័យជាប់ជាប្រចាំ។ លោកស្រីបន្តថា សូមផ្តោតអារម្មណ៍លើក្តីសង្ឃឹមឲ្យបានច្រើន កុំមើលឃើញតែភាពលំបាកពេកព្រោះថា គ្រប់ពេលវេលា ពួកយើងនៅខាងក្រោយ នឹងជួយបងប្អូនបានប៉ុន្មាននាក់ គឺជួយបានប៉ុណ្ណឹង ធ្វើអ្វីដែលយើងអាចធ្វើទៅរួច។
លោក អាំង សិរីពិសិដ្ឋ បញ្ជាក់ថា អំណោយដែលបាននាំយកមកប្រគល់ជូនប្រជាពលរដ្ឋ ចំនួន ២០០គ្រួសារនាពេលនេះមាន៖ អង្ករ ១បាវ ២០គីឡូក្រាម ត្រីខ ១យួរ អំបិល ១គីឡូ ស្ករស ១គីឡូ កាបូបស្ពាយ១ សាប៊ូ ១ដុំ និងអាវយឺត១ផងដែរ៕