(ស្វាយរៀង)៖ អាជ្ញាធរស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានចេញសេចក្តីសម្រេចបិទដំណើរការតូបលក់ដូរជាបណ្តោះអាសន្ននៅទីប្រជុំជនផ្សារស្វាយជ្រំ ស្ថិតនៅភូមិតាប៉ ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង រយៈពេល១៤ថ្ងៃ គិតពីម៉ោងសូន្យ ថ្ងៃទី២២ ខែមិថុនា ដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍។
បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកស្វាយជ្រំ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ការសម្រេចបិទផ្សារនេះជាបណ្តោះអាសន្ន បន្ទាប់ពីបានរកឃើញករណ៍វិជ្ជមានកូវីដ-១៩ នៅទីប្រជុំជនផ្សារស្វាយជ្រស្ថិតនៅភូមិតាប៉ ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ចំនួន៧នាក់រួមមាន៖
*ទី១៖ ឈ្មោះ សយ ភារី ភេទស្រី អាយុ៣៥ឆ្នាំ។
*ទី២៖ ឈ្មោះ មាស ហៀប ភេទស្រី អាយុ៦៧ឆ្នាំ និងកុមារី ៣នាក់ទៀត ជាកូន និងក្មួយរបស់ ឈ្មោះ សយ ភារី មានទីលំនៅភូមិតាបំ
ឃុំតាសួស។
*ទី៣៖ ឈ្មោះ ស៊ុន សាវឿន ភេទស្រីអាយុ ៦៥ឆ្នាំ និងឈ្មោះ កុល មិន ភេទប្រុស អាយុ៦៥ឆ្នាំ មានទីលំនៅភូមិកណ្តាល ឃុំគោកព្រីង ជាអ្នកលក់សាច់ជ្រូក និងសាច់គោនៅផ្សារស្វាយជ្រំរួចមក ក្រុមការងារស្រុក បានសហការជាមួយអាជ្ញាធរឃុំចុះស្រាវជ្រាវរុករកអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយអ្នកជំងឺខាងលើ រកឃើញប្រមាណជាង៤០នាក់។
រដ្ឋបាលស្រុកបានបន្ថែមថា នៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ម្សិលមិញ ក្រុមការងារបាននឹងកំពុងបន្តចុះស្រាវជ្រាវរុករកអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលបន្តទៀត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅទីប្រជុំជនផ្សារក៏ដូចជាទីប្រជុំជនស្រុកស្វាយជ្រំផងដែរ។
ទន្ទឹមនឹងនេះ រដ្ឋបាលស្រុកសូមអំពាវនាវដល់ប្រជាពលរដ្ឋ អាជីវករទាំងអស់ដែលធ្លាប់មានការប៉ះពាល់ជាមួយអ្នកជំងឺកូវីដ១៩ បើមានអាការៈ ក្តៅខ្លួន ក្អក ពិបាកដកដង្ហើម និងមានការសង្ស័យថាឆ្លងមេរោគកូវីដ១៩ សូមអញ្ជើញមកយកសំណាកធ្វើតេស្តរកមេរោគកូវីដ១៩ ជាបន្ទាន់នៅទីតាំងសាលាបឋមសិក្សាក្រោលគោ ឃុំក្រោលគោ ឬទំនាក់ទំនងលេខទូរស័ព្ទ៖ ០៩៧៧ ៨១៦ ៤០៣ ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ ខេត្តតាមរយៈទូរស័ព្ទលេខ៖ ០៤៤ ៧១២ ៥២២, ០៩៧៥ ០៣៤៥៦៧ ដើម្បីមានវិធានការបន្ត និងត្រូវដាក់ខ្លួនឱ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ ចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពារតាមការណែនាំរបស់ក្រសួងសុខាភិបាល «៣ការពារ និង៣កុំ»៕