(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការ បានប្រាប់ឲ្យកូរ៉េខាងជើង ក៏ដូចជាអ្នក ពាក់ព័ន្ធរក្សាភាពអត់ធ្មត់ និង ឲ្យកូរ៉េជើងវិលចូលរកតុចរចា ជាមួយប្រទេសមហាអំណាចពិភពលោក ដើម្បីនាំមកនូវភាពសុខសាន្ត នៅក្នុងឧបទ្វីបកូរ៉េ។
ការថ្លែងរបស់ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានធ្វើឡើងក្នុងឱកាស ដែលរូបលោកអនុញ្ញាតឲ្យ លោក ហុង គី ចយ ឯកអគ្គរដ្ឋទូត កូរ៉េខាងជើង ចូលជួបសម្តែងការគួរសម និងជម្រាបលាគ្រាដល់ពេលបញ្ចប់អាណត្តិការងារពីកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦នេះ។
លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មាននៅក្រោយជំនួបថា លោក ហុង គី ចយ បានលើកឡើងថា បញ្ហានៅឧបទ្វីបកូរ៉េ កំពុងតានតឹងខ្លាំង ហើយកូរ៉េខាងជើង ក៏ប្រឈមនិងបញ្ហាសន្តិសុខផងដែរ។
ឧបនាយករដ្ឋមន្រ្តី ក៏បានឆ្លើយតបបញ្ហានៅឧបទ្វីបកូរ៉េ ក៏ជាក្តីព្រួយបារម្ភរបស់កូរ៉េខាងត្បូង ក៏ដូចជាប្រទេសកម្ពុជា និងបណ្តាប្រទេស នៅក្នុងតំបន់ផងដែរ។ ប្រមុខការទូតកម្ពុជា បានស្នើឲ្យប្រទេសកូរ៉េខាងជើងអត់ធ្មត់ និងវិលចូលទៅកាន់តុចរចាជាមួយ ប្រទេសមហាអំណាចពិភពលោក ទាំង៥ផ្សេងទៀត ដែលជាធម្យោបាយល្អ ដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធី។
សូមបញ្ជាក់បញ្ហានៅឧបទ្វីបកូរ៉េនាពេលបច្ចុប្បន្ន មានភាពតាន់តឹងខ្លាំង បន្ទាប់ពីកូរ៉េខាងជើង បានព្យាយាមសាក់ល្បងបាញ់មីស៊ីល របស់ខ្លួនម្តងហើយម្តងទៀត បំពានទៅនិងការព្រមាន របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក៏ដូចជាប្រទេសមហាអំណាចមួយ ជាពិសេសសហរដ្ឋអាមេរិក៕