(ភ្នំពេញ)៖ កម្ពុជា-ស៊ុយអ៊ែត បានប្ដេជ្ញាបន្តរួមគ្នាសម្រេចឱ្យបានគោលដៅទាំងឡាយ ដែលបានចែងក្នុងគំនិតផ្តួចផ្តើមកិច្ចព្រមព្រៀងសកល (Global Deal Initiative) ខណៈស៊ុយអែតបានមើលឃើញពីការខិតខំរបស់កម្ពុជាយ៉ាងសំខាន់ក្នុងការអនុវត្តកិច្ចព្រមព្រៀងនេះ និងបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ការគំាទ្រគំនិតផ្តួចផ្តើមកិច្ចព្រមព្រៀងសាកលដំបូងគេបង្អស់។
ការបញ្ជាក់នេះត្រូវបានធ្វើឡើងក្នុងឱកាសជំនួបរវាងលោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក ប៊ីយ៉ន ហេងម៉ាក (Björn Häggmark) ឯកអគ្គរាជទូតស៊ុយអ៊ែតប្រចាំនៅកម្ពុជា នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងការងារ ដើម្បីជម្រាបលាលោករដ្ឋមន្ត្រី អ៉ិត សំហេង មុនពេលលោក ប៊ីយ៉ន ផុតអាណត្តិការទូត និងគ្រោងចាកចេញពីកម្ពុជាក្នុងខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះ។
ចំណុចសំខាន់ៗក្នុងជំនួបចុងក្រោយនេះ ភាគីទាំងពីរក៏បានពិភាក្សាគ្នាទៅលើប្រធានបទសំខាន់ៗ ដែលកម្ពុជា-ស៊ុយអ៊ែតបាននិងបន្តអនុវត្ត សំដៅសម្រេចឱ្យបាននូវគោលដៅរួមទាំងកម្រិតជាតិ និងពិភពលោក រួមមាន៖ ១. គំនិតផ្តួចផ្តើមកិច្ចព្រមព្រៀងសកល (Global Deal Initiative) ២. សិទ្ធិការងារ និង៣. ការអភិវឌ្ឍធនធានមនុស្ស
លោករដ្ឋមន្រ្តីបានថ្លែងអំណរគុណភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិស៊ុយអ៊ែត (SIDA) តាមរយៈទីភ្នាក់ងារផ្តល់សេវាការងារសាធារណៈស៊ុយអ៊ែត (SPES) ដែលជួយគ្រាំទ្រដល់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) និងក្រសួងអប់រំ យុវជន និងកីឡា ក្នុងការអនុវត្តរួមគ្នានូវគម្រោងចំនួន ២ គម្រោងទី១ ស្តីពីការគាំទ្រដល់ការអភិវឌ្ឍជំនាញ និងការងាររបស់យុវជននៅកម្ពុជា ផ្តើមអនុវត្តតាំងពីឆ្នាំ២០១៣ និងបានបញ្ចប់នៅខែមីនា ឆ្នាំ២០១៩ និងគម្រោងទី២ ស្តីពីមគ្គុទ្ទេសក៍អាជីព និងការផ្តល់ប្រឹក្សាសម្រាប់មធ្យមសិក្សា-ស្ពានចម្លងឆ្ពោះទៅកាន់ពិភពការងារ ចាប់អនុវត្តពីខែមករា ឆ្នាំ២០១៩ ដល់ខែកក្កដា ឆ្នាំ២០២១។ បន្ថែមពីនេះ ទីភ្នាក់ងារផ្តល់សេវាការងារសាធារណៈស៊ុយអ៊ែត (SPES) សហការជាមួយអង្គការជំនួយព្រះវិហារហ្វាំងឡង់ (Finn Church Aid) កំពុងសិក្សាលើលទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើសំណើគម្រោងថ្មីៗបន្ថែមទៀត ដោយផ្តោតសំខាន់លើការគាំទ្រដល់ជនពិការនៅក្នុងទីផ្សារការងារកម្ពុជាសម្រាប់ឆ្នាំ ២០២១-២០២៤ ផងដែរ។
លោករដ្ឋមន្ត្រីបានស្នើសុំប្រទេសស៊ុយអ៊ែតជួយគាំទ្រដល់វិស័យការងាររបស់កម្ពុជាបន្តទៀត ជាពិសេសការអភិវឌ្ឍធនធានមនុស្ស និងការកសាងសមត្ថភាព ដើម្បីឲ្យកម្ពុជាមានលទ្ធភាពអភិវឌ្ឍប្រទេសឱ្យកាន់តែរីកចម្រើន។ លោករដ្ឋមន្រ្តីបានបញ្ជាក់ថា ក្រោយពីបានផ្តល់ការគាំទ្រចំពោះគំនិតផ្តួចផ្តើមកិច្ចព្រមព្រៀងសកល ជាយន្តការថ្នាក់ជាតិ រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មការអន្តរក្រសួងសម្រាប់គាំទ្រគំនិតផ្តួចផ្តើមកិច្ចព្រមព្រៀងសាកល ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាប្រធាន, ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាអនុប្រធាន, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួងផែនការជាសមាជិក។
កម្ពុជាបាននិងកំពុងបន្តអនុវត្តបានយ៉ាងល្អនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការគំាទ្រគំនិតផ្តួចផ្តើមកិច្ចព្រមព្រៀងសកលនេះ៖
១៖ បន្តពង្រឹងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព និងធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការធានាបាននូវលក្ខខណ្ឌការងារល្អប្រសើរ និងភាពសុខដុមក្នុងទំនាក់ទំនងវិជ្ជាជីវៈ។
២៖ ពង្រឹងការអនុវត្តច្បាប់ស្តីពីសហជីព ដើម្បីធានាបាននូវសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ដែលតំណាងឱ្យសំឡេង និងឆន្ទៈពិតប្រាកដរបស់កម្មករនិយោជិត និងនិយោជក ក្នុងការការពារនូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ពួកគេ និងជាដៃគូសន្ទនាដ៏មានប្រសិទ្ធភាពក្នុងកិច្ចសន្ទនាសង្គម។
៣៖ ពង្រឹងការអនុវត្តច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ជាក្របខណ្ឌគតិយុត្តិរឹងមាំក្នុងការការពារប្រកបដោយនិរន្តរភាពនូវប្រាក់ឈ្នួលរបស់កម្មករនិយោជិត និងធានានូវការប្រើប្រាស់យន្តការចរចារត្រីភាគីតាមបែបប្រជាធិបតេយ្យ ក្នុងការកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត ដោយឈរលើលក្ខណៈវិនិច្ឆ័យបែបវិទ្យាសាស្រ្ត ដើម្បីភាពរីកចម្រើនទាំងអស់គ្នា។
៤៖ ពង្រឹងយន្តការដោះស្រាយវិវាទការងារ ទាំងនៅដំណាក់កាលផ្សះផ្សារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រៅប្រព័ន្ធតុលាការ ដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល សំដៅធានាបាននូវយុត្តិធ៌មការងារ កាត់បន្ថយបាននូវបញ្ហាប្រឈមរវាងនិយោជក និងកម្មករនិយោជិត ក៏ដូចជាបង្កើនភាពជឿជាក់លើប្រព័ន្ធដោះស្រាយវិវាទរវាងភាគីពាក់ព័ន្ធ ដែលកាន់តែធ្វើឱ្យវប្បធ៌មនៃកិច្ចសន្ទនាសង្គមមានភាពរឹងមាំ។
៥៖ បន្តពង្រឹងយន្តការអធិការកិច្ចការងារ ឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងភាពជឿជាក់ពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធានាបាននូវការគោរពលក្ខខណ្ឌការងារ និងសិទ្ធការងាររបស់កម្មករនិយោជិត និងនិយោជក ទប់ស្កាត់ ក៏ដូចជាបង្ការមិនឱ្យមានបញ្ហាផ្សេងៗឈានទៅរកវិវាទ និងការតវ៉ានានា។
៦៖ ជំរុញការអនុវត្តគោលនយោបាយគាំពារសិទ្ធិ និងផលប្រយោជន៍របស់ពលករទេសន្តប្រវេសន៍ទាំងក្នុងក្របខណ្ឌជាតិ ក៏ដូចជាតំបន់ និងជាមួយប្រទេសពាក់ព័ន្ធ។
៧៖ បន្តចូលរួមអនុវត្តក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម និងរបបសន្តិសុខសង្គមឱ្យកាន់តែមានប្រសិទ្ធភាព តាមរយៈការពង្រឹងយន្តការផ្លាស់ប្តូរការប្រឹក្សាគ្នារវាងអ្នកប្រើប្រាស់សេវា អ្នកគ្រប់គ្រង និងផ្តល់សេវា ក៏ដូចជាអ្នកមានកាតព្វកិច្ចផ្តល់ការឧបត្ថម្ភសេវា។
៨៖ បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍នានា សំដៅគាំទ្រដល់គោលនយោបាយអភិវឌ្ឍន៍ និងគាំពារវិស័យការងារ។
លោកឯកអគ្គរាជទូត ប៊ីយ៉ន ហេងម៉ាក បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលបានផ្តល់ការគំាទ្រគំនិតផ្តួចផ្តើមកិច្ចព្រមព្រៀងសកលដំបូងគេបង្អស់ នៅក្នុងពិធីដាក់ឱ្យដំណើរការគំនិតផ្តួចផ្តើមនេះ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ នៅក្នុងឱកាសសម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក។
លោកឯកអគ្គរាជទូតនឹងនាំយកនូវព័ត៌មានល្អៗ និងសមិទ្ធផលដែលភាគីទាំងពីរខិតខំសម្រេចបានជម្រាបជូនទៅរាជរដ្ឋាភិបាលស៊ុយអ៊ែត ដើម្បីទទួលបាននូវការគាំទ្របន្តដល់រាជរដ្ឋាភិបាលកម្ពុជា៕