(ភ្នំពេញ)៖ និសិ្សតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រមាណជិត៥០០នាក់ សហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្រោមការឧបត្ថម្ភធំដោយក្រុមហ៊ុនទឹកសុទ្ធវីតាល់ នាំគ្នាបរិច្ចាគឈាមដោយស្ម័គ្រចិត្តប្រចាំឆ្នាំ ក្រោមប្រធានបទ «ឈាមខ្ញុំ បេះដូងខ្ញុំ ជាតិខ្ញុំ» ។ ពិធីនេះប្រារព្ធឡើងរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៦ នៅក្នុងសាលដំបូលទូក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។
តំណាងនិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក៏ដូចជាតំណាង លោក ជេត ជាលី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ បានសម្តែងនូវការស្វាគន៍យ៉ាងកក់ក្តៅចំពោះ មជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្រុមចលនាយុវជនកម្ពុជា ក៏ដូចជាក្រុមហ៊ុនវីតាល់ ដែលបានចូលរួមចំណែក ក្នុងការរៀបចំកម្មវិធីសប្បុរសនេះឡើងម្តងទៀត ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ហើយលោកស្រីពិតជាមានចិត្តសប្បាយរីករាយ នៅពេលដែលឃើញប្អូនៗនិសិ្សតយ៉ាងច្រើនកុះករ មានសណ្តានចិត្តសប្បុរសក្នុងការបរិច្ចាគឈាម ដែលទង្វើរបានបង្ហាញយ៉ាងច្បាស់ នូវឆន្ទៈសាមគ្គីភាពរបស់យុវជនខ្មែរជំនាន់ថ្មី។ តំណាងនិស្សិតរូបនោះបានបញ្ជាក់ថា កម្មវិធីបរិច្ចាគឈាមលើកនេះ យើងសង្ឃឹមថា សាកលវិទ្យាលភូមិន្ទភ្នំពេញ នៅតែរក្សាតំណែងរបស់ខ្លួនបានយ៉ាងល្អ ។
តំណាងនិស្សិតបានបន្តថា នេះជាលើកទី៧ហើយ ដែលសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានអនុញ្ញាតឲ្យមជ្ឈមណ្ឌលជាតិផ្តល់ឈាម ចុះទៅទទួលយកអំណោយឈាមសប្បុរសធម៌ ពីសិស្ស-និស្សិតមកពីគ្រប់ ដេប៉ាតាម៉ង់ ហើយកម្មវិធីលើកនេះក៏រំពឹងថា នឹងទទួលបានកំណត់ត្រាថ្មី ដោយអាចទទួលបានឈាម១០០០ប្លោក ដើម្បីប្រគល់ជូនដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្នុងការយកទៅផ្គត់ផ្គង់ដល់កង្វះខាតឈាមទូទាំងប្រទេស ។ ចំពោះបងប្អូនជនរួមជាតិ ដែលមិនមែនជានិស្សិតសាកលវិទ្យាល័យ ក៏ត្រូវបានស្វាគមន៍ និងលើកទឹកចិត្តឲ្យមកចូលរួមផ្តល់ឈាមផងដែរ។
លោកវេជ្ជបណ្ឌិត ហុក គឹមចេង បានថ្លែងបញ្ជាក់ថា ការបរិច្ចាគឈាម គឺមិនប៉ះពាល់ដល់សុខភាពនោះទេ ផ្ទុយទៅវិញ វាជាសកម្មភាព អាចគឺអាចធ្វើឲ្យយើងក្លាយជាវីរបុរសម្នាក់ ដែលអាចជួយសង្គ្រោះជីវិត មនុស្សបានដល់ទៅ៣នាក់ ក្នុងឈាមដែលបូមបានមួយប្លោក។ លោកវេជ្ជបណ្ឌិត ក៏បានរំលឹកដល់និសិ្សតទាំងឡាយ ឲ្យពិសាទឹកឲ្យបានច្រើន។
លោកវេជ្ជបណ្ឌិត ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានធ្វើការថ្លែងអំណគុណដល់ និស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក៏ដូចជាសាកលវិទ្យាល័យជាតិ និងឯកជនដទៃទៀត ដែលបានធ្វើការ បរិច្ចាគឈាមយ៉ាងច្រើនកុះករ ជូនដល់មជ្ឈមណ្ឌលក្នុងកំឡុងប៉ុន្មាន ខែចុងក្រោយនេះ ។
លោក អ៊ុំ វណ្ណៈ មន្រ្តីទំនាក់ទំនងសាធារណៈ តំណាងឲ្យក្រុមហ៊ុន វីតាល់ បាននិយាយថា ការឧបត្ថម្ភថ្ងៃនេះ អាចធ្វើ ទៅបានដោយមានការចូលរួមពីអតិថិជនរបស់វីតាល់ ក៏ដូចជាប្អូនៗទាំងអស់ដែលបានគាំទ្រដល់ផលិតផល គុណភាពខ្ពស់របស់ជាតិយើង និងការគាំទ្ររបស់អ្នកទាំងអស់គ្នាបាន ធ្វើឲ្យមូលនិធិ ២៥៛ របស់យើងកាន់តែរីកធំ ទើបអាចឲ្យវីតាល់មានលទ្ធភាពឧបត្ថម្ភ និងគាំទ្រដល់កម្មវិធីមនុស្សធម៌នានា យ៉ាងសកម្មដូចសព្វថ្ងៃនេះ។
ទាក់ទងនឹងការឧបត្ថម្ភគាំទ្រនេះផងដែរ លោក ជុងហៀង ថាវសិទ្ធ នាយកផ្នែកទីផ្សារ នៃក្រុមហ៊ុនវីអិន ស៊ីខប ភើរេសិន វីតាល់ បានថ្លែងថា វីតាល់ បានសហការនិងឧបត្ថម្ភដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាមជាច្រើនឆ្នាំមកហើយ ព្រោះវីតាល់គឺជាក្រុមហ៊ុន ដែលឲ្យតម្លៃលើអំពើសប្បុរសធម៌ ជាពិសេសនៃការបរិច្ចាគឈាម ព្រោះមកទល់នឹងសម័យនេះ បើទោះជាវិជ្ជសាស្ត្រមានការរីកចម្រើនខ្លាំង យ៉ាងណាក៏ដោយ ក៏យើងមិនអាចផលិតគ្រាប់ឈាមដើម្បីប្រើប្រាស់នៅឡើយ ដូច្នេះហើយមានមនុស្សច្រើននាក់ បាននឹងកំពុងរង់ចាំអំណោយឈាមរបស់យើង។
ក្រុមហ៊ុម វីតាល់ ត្រូវបានមើលឃើញថា បាននឹងកំពុងចូលរួមយ៉ាងសកម្មក្នុងកម្មសប្បុរសធម៌នានាក្នុងសង្គម ដែលថ្មីនេះ ទាំងការផ្តល់ជំនួយ និងថវិការដល់ស្ថាប័នសង្គមមួយចំនួន និងចំពោះបុគ្គលគំរូ និងខ្វះខាតក្នុងសង្គមផងដែរ។ វីតាល់ពិតជារីករាយ នៅពេលដែលឃើញសន្ទុះនៃការចូលរួមក្នុងសម្មភាពមនុស្សធម៌ ក្នុងសង្គមរបស់ប្រជាពលរដ្ឋខ្មែរទូទៅ ជាពិសេសប្អូនៗនិសិ្សត ដូច្នេះហើយ វីតាល់ បេ្តជ្ញាថានឹងនៅតែបន្តគាំទ្រ យ៉ាងពេញទំហឹងចំពោះកម្មវិធីសប្បុរសធម៌គ្រប់រូបភាពបន្ថែមទៀត ដើម្បីជាសក្ខីភាពនៃការចូលរួមរបស់ អតិថិជនវីតាល់ក្នុងមូលនិធិ ២៥៛ ពីការលក់ទឹកមួយដប ៕