(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា លោកបណ្ឌិត មិន ឃិន បានថ្លែងប្រាប់ ទៅគ្រូគង្វាល និងបរិស័ទសមាគមប្រូតេស្តង់កូរ៉េ នៅប្រទេសកម្ពុជា ឲ្យចូលរួមគោរព ច្បាប់ជាតិ និងអន្តរជាតិ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ ប្រទេសជាមួយរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។
នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦នេះ លោកបណ្ឌិត មិន ឃិន បានអញ្ជើញចូលរួម នៅក្នុងសិក្ខាសាលា ដែលរៀបចំឡើង ដោយសមាគមប្រូតេស្តង់កូរ៉េ នៅកម្ពុជាដឹកនាំដោយលោក គឹម សឹងសែប ប្រធានសមាគមស្ថិតនៅវិហារយ៉លលីន សង្កាត់គោគរការ ខណ្ឌសែនសុខ។ នៅក្នុងសិក្ខសាលានេះ ក៏មានការអញ្ជើញចូលរួម ពីគ្រប់គ្រូគង្វាល និងបរិស័ទ សរុបប្រមាណ១២០នាក់ផងដែរ។
លោកបណ្ឌិត មិន ឃិន បានលើកឡើងពី ការប្រឹងប្រែងអភិវឌ្ឍប្រទេស របស់រាជរដ្ឋាភិបាល ធ្វើឲ្យប្រទេសមានសុខដុមរមនា និងអភិវឌ្ឍឥតឈប់ឈរ ហើយក៏បានសំណូមពរឲ្យគ្រូគង្វាលទាំងអស់ មានសាមគ្គីភាព ខិតខំអប់រំ បរិស័ទរបស់ខ្លួន ឲ្យយល់ដឹងអំពីច្បាប់ជាតិ និងច្បាប់សាសនា រក្សាឲ្យបាន ទាំងចំណេះដឹង និងគុណធម៌ រួមចំណែកដល់ការអភិវឌ្ឍជាតិ ជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕