(ភ្នំពេញ)៖ នារសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ អមដំណើរដោយលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានអញ្ជើញជាគណៈអធិបតី ប្រគល់ម៉ូតូ ផ្សព្វផ្សាយ ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ-១៩ ចំនួន ០៤គ្រឿង ទៅដល់សង្កាត់ចាក់អង្រែលើ សង្កាត់ចាក់អង្រែក្រោម សង្កាត់បឹងទំពន់ទី១ និងសង្កាត់បឹងទំពន់ទី២ នៅក្នុងបរិវេណ សាលាខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីឲ្យកាន់តែជ្រួតជ្រាប់ដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋានខណ្ឌមានជ័យ កុំឲ្យភ្លេចខ្លួនពីជំងឺកូវីដ១៩ ក្នុងការអនុវត្តយ័ន្តការពារដ៏ស័ក្តិសិទ្ឋ របស់សម្តេចតេជោ ហ៊ុន សែន ៣កុំ ៣ការពារ។
ក្នុងឱកាសនោះដែរ លោក នួន ផារ័ត្ន ថ្លែងថា គោលបំណងនៃការផ្តល់ជូន នៅម៉ូតូផ្សព្វផ្សាយ ទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ-១៩ ទៅសង្កាត់ទាំង ០៤ ខាងលើ គឺដើម្បីឲ្យក្រុមការងារសង្កាត់ទាំង ០៤ ខិតខំចុះផ្សព្វផ្សាយ ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ-១៩ ជូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋានសង្កាត់សាម៉ី ដើម្បីបញ្រ្ជាបដល់ពួកគាត់ឲ្យយល់ដឹងកាន់តែច្បាស់អំពី ការទប់ស្កាត់ ការរីករាលដាលនៃជំងឺ កូវីដ-១៩ ក្នុងមូលដ្ឋាន។
បន្ទាប់មក លោក នួន ផារ័ត្ន អំពាវនាវដល់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ទាំងអស់ឲ្យចូលរួមទប់ស្កាត់នូវការរីករាលដាលនៃជំងឺ កូវីដ-១៩ និងបន្តអនុវត្ត នូវវិធានការ ៣ការពារ ៣កុំ របស់រាជរដ្ឋាភិបាល ឲ្យបានជាប់ជាប្រចាំ ដើម្បីកាត់បន្ថយការរាតត្បាតនៃជំងឺកូវីដ-១៩ ទៅក្នុងសហគមន៍ទៀត៕