(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការហេហ្វឺអន្តរជាតិកម្ពុជា នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ បានប្រគល់យានយន្តបំពាក់ទូត្រជាក់ចំនួន ០៣គ្រឿង យានយន្តដឹកកសិផល០៤គ្រឿង និងរ៉ឺម៉កបង់បីចំនួន១៤គ្រឿង ជូនសហគមន៍កសិកម្មចំនួន ២១សហគមន៍ ក្នុងចំណោមសហគមន៍កសិកម្ម ដែលស្ថិតនៅក្នុងគម្រោងចំនួន ៧៥សហគមន៍ ក្នុងខេត្តគោលដៅ១១ខេត្ត។
ពិធីប្រគល់-ទទួល យាន្តយន្តបំពាក់ទូរត្រជាក់ យានយន្តដឹកផលិតផលកសិកម្ម និងរ៉ឺម៉កកង់បី ជូនដល់សហគមន៍កសិកម្ម ក្នុងក្របខ័ណ្ឌគម្រោងស្តីពី «ការលើកកម្ពស់ផលិតផលមាន់ស្រែខ្មែរ សម្រាប់មោទនភាពជាតិខ្មែរ» បានធ្វើឡើងក្រោមអធិបតីភាពលោក វេង សាខុន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
តាមរបាយការណ៍របស់អង្គការហេហ្វឺអន្តរជាតិកម្ពុជា បានឲ្យដឹងថា អង្គការបាននិងកំពុងអនុវត្តគម្រោងសំខាន់ៗមួយចំនួនដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាទីផ្សារកសិផល បង្កើតឱកាសការងារ បង្កើនប្រាក់ចំណូលរបស់កសិករនៅជនបទ។ គម្រោងថ្មីមួយទៀតរបស់អង្គការគឺស្តីពីការលើកកម្ពស់ផលិតផលមាន់ស្រែខ្មែរ សម្រាប់មោទនភាពជាតិខ្មែរ គឺជាគម្រោងមួយសមស្រប និងមានលក្ខណៈជោគជ័យខ្ពស់ ដោយសារផលិតផលមាន់ស្រែ មានតម្រូវការខ្ពស់នៅលើទីផ្សារ។ ការលើកកម្ពស់ខ្សែច្រវាក់ផលិតកសិកម្មដែលអង្គការកំពុងអនុវត្តនេះ មានសុគង្គតភាព ជាមួយកម្មវិធីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបាននិងកំពុងលើកកម្ពស់ខ្សែច្រវាក់ផលិតកម្មទាំងមូល ដោយគិតចាប់តាំងពីដំណាក់កាលផលិត ក្រោយពេលប្រមូលផល និងចរាចរណ៍នៅលើទីផ្សារ។
ក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋមន្ត្រី វេង សាខុន បានថ្លែងអំណរគុណកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ អង្គការហេហ្វឺអន្តរជាតិកម្ពុជា ដែលបានចូលរួមលើកកម្ពស់ខ្សែច្រវាក់ផលិតកម្មបន្លែ និងមាន់ស្រែខ្មែរ របស់សហគមន៍កសិកម្ម ធានាបានផលិតភាព គុណភាព សុវតិ្ថភាព និងទីផ្សារ បង្កើតឱកាសការងារ និងប្រាក់ចំណូលក្នុងបរិបទនៃការរីករាលដាលជំងឺឆ្លងកូវីដ-១៩។
លោកសង្ឃឹមជឿជាក់ថា អង្គការនឹងបន្តពិនិត្យលទ្ធភាពជួយឧបត្ថម្ភដល់សហគមន៍កសិកម្មឲ្យបានកាន់តែច្រើនថែមទៀត ឆ្លើយតបតាមតម្រូវការជាក់ស្តែងនៃការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនបន្លែ ផ្លែឈើ ត្រី សាច់ មកកាន់ទីផ្សារ ផ្សារទំនើប សណ្ឋាគារ ភោជនីយដ្ឋាន និងសាខាលក់រាយផ្សេងៗទៀត ដើម្បីរក្សាបាននូវគុណភាពស្រស់ ចំណេញពេល កាត់បន្ថយការបាត់បង់ចំនួន ឬបរិមាណផលិតផល ដែលបណ្តាលមកពីមធ្យោបាយដឹកជញ្ជូន និងទូត្រជាក់សម្រាប់រក្សាទុកដាក់ផលិតផល។ល។
លោករដ្ឋមន្ត្រីកសិកម្ម បានបញ្ជាក់ថា ជំនួយនេះជាសក្ខីកម្មបង្ហាញឲ្យឃើញយ៉ាងច្បាស់ពីការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃអភិក្រម «រដ្ឋ-ដៃគូអភិវឌ្ឍន៍-វិស័យឯកជន និងសហគមន៍កសិកម្ម» ហើយក៏ស្ថិតក្នុងគម្រោងនៃគោលនយោបាយ និងផែនការអភិវឌ្ឍន៍វិស័យកសិកម្ម (២០១៩-២០២៥) ជាពិសេសខ្លួនលោកផ្ទាល់ទទួចចង់បានដើម្បីកែប្រែវិស័យសាកវប្បកម្ម និងផលិតកម្មមាន់ស្រែខ្មែរយកសាច់ ឈានឆ្ពោះទៅធ្វើទំនើបកម្មទាំងផលិតភាពផលិតកម្ម ការថែរក្សាទុកដាក់ វេចខ្ចប់ និងដឹកជញ្ជូនដោយប្រើប្រព័ន្ធ cold chain system (រក្សាភាពស្រស់ និងអាយុកាលផលិតផលបានយូ) ទៅកាន់ទីផ្សារ ដើម្បីឆ្លើយតបទៅតាមការវិវឌ្ឍន៍រីកចម្រើនផ្នែកសេដ្ឋកិច្ច និងសង្គម ដែលមាននិន្នាការកើនឡើងនៃការបរិភោគទាំងផលិតផលបន្លែ ត្រី សាច់របស់អ្នកបរិភោគ ពិសេសអ្នកនៅទីក្រុង៕