(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង លើកទី១ និងសន្និសីទប្រចាំឆ្នាំ២០១៦ នៃវេទិកាបូអាវសម្រាប់អាស៊ី ចាប់ពីថ្ងៃទី២២ដល់២៤ ខែមីនា ឆ្នាំ២០១៦ នៅទីក្រុងសានយ៉ា និងទីក្រុងបូអាវ ខេត្តហៃណាន ប្រទេសចិន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសកម្ពុជា ដែលទើបចេញផ្សាយនៅថ្ងៃទី១៧ ខែមីនានេះ។
សេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថា ដំណើរទស្សនកិច្ចខាងលើ របស់សម្តេចតេជោ ហ៊ុន សែន ក៏បានអមដោយគណៈប្រតិភូ រួមមានលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស និងសមាជិករាជរដ្ឋាភិបាលជានាក់ទៀត។
ប្រភពព័ត៌មានដដែលបានបញ្ជាក់ថា កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង លើកទី១នេះ សម្តេចតេជោ ហ៊ុន សែន និងថ្លែងសន្ទរកថា ក្រោមមូលបទ «ការចែករំលែកទន្លេ-ការចែករំលែកអនាគត» នឹងរួមជាមួយប្រមុខរដ្ឋាភិបាល បណ្តាប្រទេសមេគង្គ និងចិន អនុម័តនូវឯកសារចំនួន៣រួមមាន៖
១-សេចក្តីថ្លែងការណ៍ទីក្រុងសានយ៉ា នៃកិច្ចប្រជុំកំពូល សហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី១។
២-សេចក្តីប្រកាសរួមស្តីពីកិច្ចសហប្រតិបត្តិការ សមត្ថភាពផលិតកម្ម នៃបណ្តាប្រទេសមេគង្គ-ឡានឆាង។
៣-គម្រោងឆាប់ទទួលបានផលភ្លាមៗ នៃកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង។
នៅថ្ងៃទី២៤ ខែមីនា សម្តេចតេជោ ហ៊ុន សែន និងថ្លែងសន្ទរកថា នៅក្នុងពិធីបើកវេទិកាពេញអង្គ របស់សន្និសីទប្រចាំឆ្នាំ២០១៦ នៃវេទិកាបូអាវសម្រាប់អាស៊ីក្រោមមូលបទ «អនាគតថ្មីរបស់អាស៊ី៖ កម្លាំងចលកថ្មី ចក្ខុវិស័យថ្មី។
ក្នុងទស្សនកិច្ចរយៈពេល៣ថ្ងៃនៅប្រទេសចិន សម្តេចតេជោ ហ៊ុន សែន គ្រោងនឹងជួបពិភាក្សាការងារទ្វេភាគី ជាមួយនាយករដ្ឋមន្ត្រីចិន លី ខឺឈាង និងឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក អាំរកា ឌីដ្វូរកូវីច ផងដែរ៕