(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អង្គការស្វីសខន់ថាក់ (Swiss Contact) ព្រមទាំងដៃគូពាក់ព័ន្ធដទៃទៀត កំពុងសហការគ្នារៀបចំបច្ចេកទេសនានា ដើម្បីកំណត់ស្ដង់ដាគុណវុឌ្ឍិជាតិវិជ្ជាជីវៈទេសចរណ៍ និងវិញ្ញាបនបត្រវិជ្ជាជីវៈកម្រិតមូលដ្ឋាន លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ និងជំនាញការិយាល័យជួរមុខ និងគេហកិច្ច សម្រាប់ផ្ដល់ឱ្យគ្រូបង្គោលទាំងឡាយ យកទៅបណ្ដុះបណ្ដាលបន្តដល់សិក្ខាកាម ឬបុគ្គលិកដែលបម្រើការងារ ក្នុងវិស័យទេសចរណ៍ នៅតាមខេត្តភាគឦសាន។
កិច្ចសហការគ្នារវាងក្រសួងទាំងពីរ និងអង្គការដៃគូខាងលើនេះ បានឈានដល់កិច្ចប្រជុំបច្ចេកទេសស្តីពីការរៀបចំគុណវុឌ្ឍិជាតិវិជ្ជាជីវៈទេសចរណ៍ វិញ្ញាបនបត្រវិជ្ជាជីវៈ ១ លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ និងជំនាញការិយាល័យជួរមុខ និងគេហកិច្ច ដែលប្រារព្ធឡើងនារសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ក្រោមអធិបតីភាពលោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ ក្នុងនាមតំណាងលោករដ្ឋមន្ត្រី ថោង ខុន និងដោយមានការចូលរួមពីលោក ថោង រដ្ឋសក្តិ អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍ផលិផលទេសចរណ៍ និងសហប្រត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ លោក Christian Volker Ide ប្រធានកម្មវិធីអភិវឌ្ឍន៍ជំនាញនៃអង្គការស្វីសខន់ថាក់ លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ នៃក្រសួងទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការគ្រប់គ្រងគម្រោងហូកា (HoKa) លោក ប៊ុន ហៀង តំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ កិច្ចប្រជុំនេះទៀតសោត គឺរៀបចំឡើងតាមប្រព័ន្ធ Online នៅទីស្ដីការក្រសួងទេសចរណ៍ ដោយមានការតភ្ជាប់ជាមួយមន្ទីរទេសចរណ៍ខេត្តនៃភូមិភាគឦសាន តំណាងអង្គការអន្តរជាតិខាងការងារ (ILO) ព្រមទាំងគ្រូបង្គោល និងអ្នកវាយតម្លៃបង្គោលផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ និងផ្នែកការិយាល័យជួរមុខ និងគេហកិច្ច ដែលមានអ្នកចូលរួមសរុបជាង ៦០នាក់។
លោក ប៉ាក់ សុខុម បានឱ្យដឹងថា កិច្ចប្រជុំបច្ចេកជាមួយគ្នានេះ គឺដើម្បីពិភាក្សាគ្នាកសាងគុណវុឌ្ឍិជាតិវិជ្ជាជីវៈទេសចរណ៍ (Cambodia Tourism Qualification) សម្រាប់ធ្វើជាឯកសារគោលរួមមួយក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ ប្រកបដោយសង្គតិភាព និងប្រើប្រាស់បានជាផ្លូវការនៅតាមសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ទាំងអស់នៅកម្ពុជា ជាពិសេសឆ្លើយតបទៅតាមយន្តការ និងប្រព័ន្ធនៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងគណៈកម្មាធិការជាតិបណ្តុះបណ្តាលផងដែរ។
លោករដ្ឋលេខាធិកាបានបន្តថា ការកសាងគុណវុឌ្ឍិជាតិនេះ គឺបង្កលក្ខណៈឲ្យប្រជាពលរដ្ឋកម្ពុជា ជាពិសេសយុវជនបោះបង់ការសិក្សា យុវជនក្នុងក្រុមងាយរងគ្រោះ បាត់បង់ឱកាស និងពលករចំណាកស្រុក ទទួលបានឱកាសចូលសិក្សាជំនាញវិជ្ជាជីវៈទេសចរណ៍ក្នុងប្រព័ន្ធច្បាស់លាស់មួយ ដើម្បីទទួលបានការទទួលស្គាល់ជាផ្លូវការលើចំណេះដឹង ជំនាញ និងបទពិសោធន៍ដែលពួកគេបានសិក្សា និងអនុវត្ត ព្រមទាំងបើកច្រកការសិក្សាពេញមួយជីវិតផងដែរ។
លោក ប៉ាក់ សុខុម បានឱ្យដឹងទៀតថា ការបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ គឺជាធាតុដ៏សំខាន់មួយរបស់ «ផែនទីចង្អុលផ្លូវស្តីពីការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ឆ្នាំ២០២០-២០២៥» ផងដែរ ពិសេសគឺចង់ពង្រឹងលក្ខណៈសម្បត្តិឱ្យបុគ្គលិកក្នុងឧស្សាហកម្មទេសចរណ៍ ត្រៀមខ្លួនឆ្ពោះទៅដំណាក់កាលស្តារឡើងវិញ តាមរយៈការពង្រឹងជំនាញវិជ្ជាជីវៈ និងសមត្ថភាពរបស់ខ្លួន។ លើកកម្ពស់ផលិតភាពក្នុងឧស្សាហកម្មទេសចរណ៍ តាមរយៈពង្រឹងការបណ្តុះបណ្តាលអក្ខរកម្មឌីជីថល និងជំនាញឌីជីថលក្នុងឧស្សាហកម្មទេសចរណ៍។ ពង្រឹងការអភិវឌ្ឍជំនាញទេសចរណ៍ក្នុងបរិកាណ៍ថ្មី រួមមានបន្ស៊ីជំនាញឌីជីថលជាមួយនឹងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ពង្រឹងការអភិវឌ្ឍជំនាញទេសចរណ៍ស្របតាមចក្ខុវិស័យ «បុគ្គលិកម្នាក់ ជំនាញមួយ» និងបន្តជំរុញកម្មវិធីកម្មសិក្សាក្នុងវិស័យទេសចរណ៍ (Internship Program)។ ការបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) ដែលជាគម្រោងរបស់ក្រសួងទេសចរណ៍សហប្រតិបត្តិការជាមួយអង្គការស្វីសខន់ថាក់ ជាពិសេសវគ្គបណ្តុះបណ្តាលគ្រូបង្គោលនេះតែម្តង។
បើតាមលោករដ្ឋលេខាធិការ ប៉ាក់ សុខុម កិច្ចសហប្រតិបត្តិការរវាងក្រសួងទេសចរណ៍ និងអង្គការស្វីសខន់ថាក់ ពាក់ព័ន្ធនឹងការបណ្ដុះបណ្ដាលបែបនេះ គឺបានធ្វើឡើងប្រកបដោយជោគជ័យម្ដងរួចមកហើយ ហើយនៅក្នុងដំណាក់កាលទី២ ឆ្នាំ២០២០-២០២៤ នៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនេះទៀត បានពង្រីកវិសាលភាពបណ្តុះបណ្តាលរបស់ខ្លួនដល់ខេត្តគោលដៅចម្បងចំនួនពីរទៀតនៅភូមិភាគឦសាន រួមមាន ខេត្តរតនគិរី និងមណ្ឌលគិរី ដែលបច្ចុប្បន្នជាគោលដៅអេកូទេសចរណ៍ដ៏មានសក្កានុពល ជាពិសេសក្នុងបរិបទនៃការអភិវឌ្ឍផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី និងផែនការអភិវឌ្ឍន៍ទេសចរណ៍តំបន់ត្រីកោណអភិវឌ្ឍន៍ (CLV DTA) ក្នុងនោះគេព្យាករណ៍ថានឹងមានកំណើនវិនិយោគលើសម្បទាទេសចរណ៍នានាច្រើនឡើង ដែលធ្វើឲ្យតម្រូវការអ្នកជំនាញក្នុងវិស័យទេសចរណ៍ ក៏នឹងមានការកើនឡើងផងដែរ៕