(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រាប់ទៅលោក ហុង គី ចយ ឯកអគ្គរដ្ឋទូតកូរ៉េខាងជើង ប្រចាំនៅកម្ពុជា ថា រាជរដ្ឋាភិបាលកម្ពុជា កំពុងជាប់រវល់ និង មិនទាន់មានពេលគ្រប់គ្រាន់សម្រាប់ ទទួលប្រធានរដ្ឋសភា និងរដ្ឋមន្រ្តីក្រសួងបរទេស របស់កូរ៉េខាងជើងនោះទេ។
ការបញ្ជាក់របស់ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានធ្វើឡើងក្នុងឱកាស ដែលលោកអនុញ្ញាតឲ្យលោក ហុង គី ចយ ចូលជួប ជម្រាបលាមុននឹងបញ្ចប់អាណត្តិការទូត នៅកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦នេះ។
លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បានប្រាប់ក្រុមអ្នកព័ត៌មាន នៅក្រោយជំនួបនេះ ថា លោក ហុង គី ចយ បានប្រាប់ លោក ហោ ណាំហុងថា ប្រធានរដ្ឋសភា និងរដ្ឋមន្រ្តីក្រសួងការបរទេសរបស់កូរ៉េខាងជើង ចង់មកបំពេញទស្សនកិច្ចនៅកម្ពុជា ហើយក៏ចង់អញ្ជើញសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ច នៅកូរ៉េខាងជើងផងដែរ។
ឆ្លើយតបការលើកឡើងនេះ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន កំពុងជាប់កិច្ចប្រជុំ និងដំណើរទស្សនកិច្ចជាច្រើន មិនទាន់មានពេលវេលាគ្រប់គ្រាន់ សម្រាប់ទទួលដំណើរទស្សនកិច្ច របស់ប្រធានរដ្ឋសភា និងរដ្ឋមន្រ្តីក្រសួង ការបរទេសខាងជើង នៅឡើយនោះទេ។ តែអាចនឹងរកពេលសមស្របណាមួយ នៅពេលក្រោយៗទៀត៕