(ភ្នំពេញ)៖ ទីបំផុត ! ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះ បានសម្រេចឃុំខ្លួន សកម្មជនចលនាមាតាធម្មជាតិ៣នាក់ នៅពន្ធនាគារព្រៃសជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ ប្រមាថចំពោះអង្គព្រះមហាក្សត្រ និងបទរួមគំនិតក្បត់។ នេះបើតាមដីការបង្គាប់ឱ្យឃុំខ្លួន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

សកម្មជនចលនាមាតាធម្មជាតិ ៣នាក់ គឺ កញ្ញា ស៊ុន រដ្ឋា និង លោក យឹម លាងហ៉ី ត្រូវបានចោទប្រកាន់ពី ប្រមាថចំពោះអង្គព្រះមហាក្សត្រ និងបទរួមគំនិតក្បត់។ ដោយឡែក លោក លី ចាន់ដារ៉ាវុត ត្រូវបានចោទប្រកាន់ពីបទរួមគំនិតក្បត់។

ដីកាបង្គាប់ឱ្យឃុំខ្លួននេះ ចេញដោយ លោក អ៉ឹម វណ្ណៈ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ។

ក្រៅពីការចោទប្រកាន់លើ សកម្មជនចលនាមាតាធម្មជាតិទាំង៣រូបនេះ តុលាការក៏បានចោទប្រកាន់ចំពោះ លោក អាឡិចសង់ដ្រូ ហ្គន់ស្សាឡេស ឌីវិសុន ( Alejandro Gonzalez Davidson) ជាជនជាតិអេស្បាញ ពីបទប្រមាថចំពោះអង្គព្រះមហាក្សត្រ និងបទរួមគំនិតក្បត់ផងដែរ។

សកម្មជនចលនាមាតាធម្មជាតិទាំង៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា តាមឯកសារសំណុំរឿង និងភស្តុតាងផ្សេងៗទៀតបង្ហាញថា ពួកក្រុមនេះធ្វើសកម្មភាព ដោយមានអង្គការចាត់តាំងច្បាស់លាស់ ដែលមានជនបរទេសជាអ្នកគូសវាសផែនទីឱ្យធ្វើសកម្មភាព និងប្រតិបិត្តិការ។

ការចាប់ខ្លួននេះបានធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចបានស្រាវជ្រាវ និងរកឃើញភស្តុតាង ៣ចំណុចដូចជា៖

១៖ ក្រុមនេះជាក្រុមដែលមានអង្គការចាត់តាំងខុសច្បាប់ និងមានការបញ្ជាពីក្រោយដោយជនបរទេសឈ្មោះ អាឡិច

២៖ គ្រប់សកម្មភាពរបស់ពួកគេ គឺយកឈ្មោះ និងជ្រកក្រោមស្លាកបរិស្ថាន ប៉ុន្តែដើម្បីបន្លំធ្វើសកម្មភាពប្រមូលយកព័ត៌មាន បញ្ហាផ្សេងៗពាក់ព័ន្ធនឹងបរិស្ថាននេះ ធ្វើជាលេសឈ្នាន់ ឬមូលហេតុញុះញង់ដល់ប្រជាពលរដ្ឋ សាធារណជន ក្នុងគោលដៅប្រឆាំង និងផ្តួលរំលំរាជរដ្ឋាភិបាល

៣៖ ក្រុមនេះធ្វើសកម្មភាព បានដោយសារតែការផ្តល់ហិរញ្ញប្បទានពីខាងក្រៅ ដែលពាក់ព័ន្ធនឹងហិរញ្ញប្បទានភេរវកម្ម ផ្គត់ផ្គង់ដោយមេរបស់ពួកគេដោយជនបរទេស។

លោកអះអាងថា ការធ្វើសកម្មភាពរបស់ក្រុមនេះកន្លងមក គឺសុទ្ធតែមានផែនការ និងការចង្អុលបង្ហាញរបស់មេពួកគេដែលជាជនបរទេសនៅខាងក្រៅប្រទេស។

សូមជម្រាបថា អង្គការមាតាធម្មជាតិ ដែលទីស្នាក់ការកណ្តាលតាំងនៅវត្តចំការឈូក ភូមិពោធិ៍មាស ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលបង្កើតឡើង និងដឹកនាំដោយ លោក អាឡិច ត្រូវបានក្រសួងមហាផ្ទៃ ចេញសេចក្តីប្រកាស សម្រេចលុបចោលកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ បន្ទាប់ពីបានបណ្តេញ លោក អាឡិច ចេញពីប្រទេសកម្ពុជា។

លោក អាឡិច ត្រូវបានក្រសួងមហាផ្ទៃ បណ្តេញចេញកាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០១៥ បន្ទាប់ពីបានធ្វើសកម្មភាពប្រឆាំងមួយចំនួន នៅតំបន់អារ៉ែង និងប្រឆាំង ការបូមខ្សាច់នៅក្នុង ខេត្តកោះកុង ដែលអាជ្ញាធរអះអាងល្មើសច្បាប់នៅកម្ពុជា។ បន្ទាប់ពីបណ្តេញចេញ ជននេះក៏ត្រូវបានវ៉ៃត្រាក្រហម ហាមចូលប្រទេសកម្ពុជារហូតផងដែរ៕