(ស្វាយរៀង)៖ សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (កបប) ខេត្តស្វាយរៀង បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរដែនដី នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះ បានចុះត្រួត ពិនិត្យទំនិញ នៅតាមសិប្បកម្មផលិតស្រា-ស ស្រាថ្នាំចំនួន៧ទីតាំង ព្រមទាំងឃ្លាំងស្តុកទំនិញមួយចំនួនស្ថិតនៅទីរួមខេត្តស្វាយរៀង។
លោក ផឹង និលប្រធានសាខា (កបប) ខេត្តស្វាយរៀង បានថ្លែងថា «ដោយមានការណែនាំពីលោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងទទួលបទបញ្ជាផ្ទាល់លោកប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន (កបប) បានចុះត្រួតពិនិត្យ ទីតាំងផលិតស្រា-ស ស្រាថ្នាំចំនួន៧ទីតាំង និងត្រួតពិនិត្យទំនិញចម្រុះចំនួន ៣ឃ្លាំង និងបានធ្វើ Test Kits បឋមលើផ្លែឈើ នៅទីរួមខេត្តស្វាយរៀង»។
លោកបានបញ្ជាក់ថា សកម្មភាពការងារត្រួតពិនិត្យ មន្ត្រីជំនាញបានយកសំណាកគំរូស្រា-សទាំង ៧ទីតាំងយកមកវិភាគរកសារធាតុមេតាណុល នៅមន្ទីពិសោធន៍របស់អគ្គនាយកដ្ឋាន (កបប) ដើម្បីធ្វើវិភាគតាមបច្ចេកទេស។ ក្នុងនោះដែរ មន្ត្រីជំនាញបានផ្សព្វផ្សាយនូវការយល់ដឹង អំពីបច្ចេកទេសនៃការផលិតស្រា-ស ដែលមានសុវត្ថិភាព និងផលប៉ះពាល់ដល់សុខភាព អាយុជីវិតដល់អ្នកផលិតផងដែរ។
លោក ផឹង និល បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នក្នុងការផឹកស្រា-ស ស្រាថ្នាំ និងត្រូវឈ្វេងយល់អំពីប្រភពនៃការផលិតឱ្យបានច្បាស់លាស់ និងសូមស្នើដល់អ្នកផលិតស្រាសទាំងអស់ ត្រូវផលិតស្រា ដែលមានសុវត្ថិភាពដល់អ្នកហូប មិនត្រូវឆ្លៀតកេងចំណេញដាក់សារធាតុហាមឃាត់ជាដាច់ខាតនាំឱ្យប៉ះពាល់ដល់សុខភាព អាយុជីវិតរបស់ប្រជាពលរដ្ឋ និងអាចប្រឈមនឹងផ្លូវច្បាប់មានទោសទណ្ឌផងដែរ៕