(បន្ទាយមានជ័យ)៖ ស្ត្រីអ្នកជំងឺកូវីដ១៩ ចំនួន២នាក់ទៀត នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវក្រុមគ្រូពេទ្យឆ្មប នៃមន្ទីរពេទ្យបង្អែកប៉ោយប៉ែត ជួយសម្រាលកូនបានដោយជោគជ័យ កាលពីវេលាម៉ោង ១០៖០០នាទីយប់ថ្ងៃទី២០-២១ ខែមិថុនា តែទារកទាំង២ខាងលើនេះ មិនបានឆ្លងជំងឺកូវីដ១៩ពីម្តាយនោះទេ។

បើតាមតាមការអះអាងរបស់ក្រុមគ្រូពេទ្យកំពុងប្រយុទ្ធជាមួយនឹងជំងឺកូវីដូ១៩ នៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តបន្ទាយមានជ័យ ឱ្យដឹងថា៖ «មានស្រ្តីមានផ្ទៃពោះ២នាក់ កំពុងព្យាមានវិជ្ជមានជំងឺកូវីដ១៩ នៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត រួមមាន៖

*ទី១៖ មានឈ្មោះ ព្រំ ឡៃ អាយុ៣៥ឆ្នាំ រស់ភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ត្រូវបានក្រុមគ្រូពេទ្យជួយសម្រាលបានទារក១នាក់ ភេទប្រុស ទម្ងន់៣.៣គីឡូក្រាម នៅវេលាម៉ោង១០យប់ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០២១
*ទី២៖ មានឈ្មោះ អ៊ុល ស្រីណុច អាយុ១៨ឆ្នាំ ផ្ទៃពោះកូនទី១ រស់នៅភូមិ ប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្រុមគ្រូពេទ្យបានបញ្ជាក់ឱ្យដឹងថា នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ បានរកឃើញស្ត្រីឈ្មោះ អ៊ុល ស្រីណុច មានវិជ្ជមានជំងឺកូវីដ១៩ បានដឹកយកមកសម្រាក និងធ្វើការតាមដាន ព្រមទាំងព្យាបាលជំងឺកូវីដ១៩ យ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ។ លុះនៅ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ នៅវេលាម៉ោង៩ព្រឹក ស្រ្តីខាងលើបានឈឺពោះ និងសម្រាលបានទារិកា ១នាក់ ទម្ងន់២.៨ គីឡូក្រាម។

ស្រ្តីទាំង២នាក់ បានសម្រាលកូនតាមធម្មជាតិ និងមានសុវត្ថិភាពទាំងម្តាយ និងកូន។ ចំណែកក្រុមគ្រូពេទ្យបន្តការព្យាបាលថែទាំ និង តាមដានសុខភាពជាបន្តបន្ទាប់ តាមលក្ខណៈបច្ចេកទេសដោយយកចិត្តទុកដាក់។

គួរបញ្ជាក់ផងដែរថា កន្លងមកក្រុមគ្រូពេទ្យបានធ្វើការសម្រាលស្ត្រីដែលមានផ្ទៃពោះវិជ្ជមានកូវីដ១៩ មានចំនួន៩នាក់ មកហើយបានសម្រាលកូនដោយវះកាត់ ចំនួន១ករណី ហើយការមន្ទីរពេទ្យបង្អែកប៉ោយប៉ែត សម្រាលបានចំនួន ៨ករណី និងមន្ទីរពេទ្យខេត្តមង្គលបូរី ចំនួន១ករណីផងដែរ។

លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យ បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះ ក្នុងនាមថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត និងជំនួសឱ្យតំណាងក្រុមគួសារ សូមសំដែងនូវការគោរព កោតសរសើរចំពោះការខិតខំប្រឹងបែង យកចិត្តទុកដាក់ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋបានល្អប្រសើរ ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ១៩។

សូមលោកគ្រូពេទ្យ អ្នកគ្រូពេទាំងអស់បានជួបប្រទះតែសុខភាពល្អជ័យជម្នះ ក្នុងបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តមបម្រើប្រជាពលរដ្ឋ និងសង្គមជាតិ៕