(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានហៅជម្លោះរវាងសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ និងលោក ញឹក ប៊ុនឆៃ ថាជាការឈ្លោះគ្នាដណ្តើមសំបកក្តាម។
នៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត សាកលវិទ្យាល័យន័រតុននៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែមីនា ឆ្នាំ២០១៦ សម្តេចនាយករដ្ឋមន្រ្តី បានបង្ហាញការខកចិត្ត និងសោកស្តាយខ្លាំង ដែលថ្នាក់ដឹកនាំគណបក្សរាជានិយម ជាស្នាព្រះហស្ថរបស់សម្តេច នរោត្តម សីហនុ មួយនេះមិនចេះរួបរួមគ្នា។
សម្តេចតេជោ បានថ្លែងយ៉ាងដូច្នេះ «បក្សមួយមិនត្រូវគ្នា ហើយទៅរួបរួមជាតិ រួបរួមផេះអី! និយាយឲ្យត្រង់ៗហ្មងទៅ វាពិបាកពេក ហើយកុំមក បង្កើតរឿងឲ្យខ្ញុំលំបាក [...]។ [...] ដូចនៅសំបកក្តាមសោះហើយ ហើយនាំគ្នាដណ្តើម! ខ្ញុំដូចឆ្ងល់ ឆ្ងល់ពេកហ្មង! ហ្អេបើនៅមានកៅអីខ្លះអីទៅ គួរដណ្តើមគ្នា អានេះដូចសំបកក្តាមសុទ្ធហ្មង ហើយចេះដណ្តើមគ្នាទៅកើត។ ប៉ុណ្នឹងហើយនៅខ្លាំងរៀងខ្លួនទៀត»។
បើទោះបីជាយ៉ាងណា សម្តេចតេជោ ហ៊ុន សែន ដែលធ្លាប់ធ្លាប់បានចំណាយពេលមួយយប់ ដើម្បីបង្រួបបង្រួមគណបក្ស ហ៊្វុនស៊ិនប៉ិចឡើងវិញ កាលពីដើមឆ្នាំ២០១៥ បានប្រកាសជំហររក្សាតំណែងជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ជូនអតីតសមាជិកគណបក្សហ៊្វុន ស៊ិនប៉ិចដដែល បើទោះបីពួកគេបានដើរចេញទៅតាមលោក ញឹក ប៊ុនឆៃ បង្កើតគណបក្សថ្មី «ខ្មែររួបរួមជាតិ» ក៏ដោយនោះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងសូមទោស ដែលមិនអាចធ្វើតាមសម្តេចក្រុមព្រះ ចង់ឲ្យមានការដកតំណែងមន្រ្តីរាជរដ្ឋាភិបាល ចេញពីសមាជិកជាន់ខ្ពស់មួយចំនួនដើរទៅតាមលោក ញឹក ប៊ុនឆៃ ប្រធានគណបក្សរួបរួមជាតិ។
សម្តេចតេជោ បានបញ្ជាក់ដូច្នេះ «នាយករដ្ឋមន្រ្តី នៃរាជរដ្ឋាភិបាលនេះ បញ្ជាក់ជំហរថា បើទោះបីបុគ្គលនោះ ទៅតាមសម្តេចក្រុមព្រះ ឬទៅតាម ញឹក ប៊ុនឆៃ គឺនៅរក្សាតំណែងដដែល។ សូមសម្តេចក្រុមព្រះមេត្តាយោគយល់ ទូលបង្គំមិនអាចទៅតាមព្រះអង្គ ហើយធ្វើឲ្យឃ្នើសចិត្តចំពោះអ្នកបំពេញ ការងារជាមួយរាជរដ្ឋាភិបាលបានទេ។ សូមទោសព្រោះនេះជាជម្លោះព្រះអង្គជាមួយកូនចៅព្រះអង្គ។ សូមតែប៉ុណ្ណោះទេ បើចូលបក្សប្រឆាំង ដេញចោល ២៤ម៉ោង ចូលប្រឆាំងប្រឆាំង ឬបក្សនយោបាយផ្សេង ក្រៅពីហ៊្វុនស៊ិនប៉ិច និងខ្មែររួបរួមជាតិ»។
បើតាមសម្តេចនាយករដ្ឋមន្រ្តី មន្រ្តីមកពីគណបក្សហ៊្វុនស៊ិនប៉ិច ដែលកំពុងមានឋានៈតួនាទីក្នុងរាជរដ្ឋាភិបាលនេះ មានជាង ១០០នាក់៕
សម្តេចតេជោ ហ៊ុន សែន៖ អ្នកដើរតាមសម្តេចក្រុមព្រះ ឬតាមលោក ញឹក ប៊ុ...សម្តេចតេជោ ហ៊ុន សែន៖ អ្នកដើរតាមសម្តេចក្រុមព្រះ ឬតាមលោក ញឹក ប៊ុនឆៃ រក្សាតំណែងក្នុងរាជរដ្ឋាភិបាលដដែល(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងថា សមាជិកគណបក្សហ៊្វុនស៊ិនប៉ិច បើទោះដើរតាមសម្រេចក្រុមព្រះ នរោត្តម រណឫទ្ធិ ឬលោក ញឹក ប៊ុនឆៃ នៅតែរក្សាតំណែងក្នុងរាជរដ្ឋាភិបាលឲ្យនៅដដែល តែបើទៅចូលជាមួយបក្សប្រឆាំង នឹងដកចេញ ២៤ម៉ោង។http://www.freshnewsasia.com/index.php/en/20210-2016-03-17-02-22-33.html
Posted by Fresh News on Wednesday, March 16, 2016