(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌបឹងកេងកង បានរៀបចំពិធីទទួលថ្នាំពេទ្យចំនួនប្រាំបីរយកញ្ចប់តូច (៨០០កញ្ចប់តូច) រួមនិងទឹកកកអនាម័យម៉ាក EVA ក្រោមអធិបតីលោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង និងលោក APICHART DUANG-ART ប្រធានក្រុមហ៊ុន EVA។

លោក លោក ធឹម សំអាន បានបញ្ជាក់ថា ក្នុងនាមក្រុមប្រឹក្សាខណ្ឌ គណៈអភិបាលខណ្ឌ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់នៅក្នុងខណ្ឌបឹងកេងកង សូមថ្លែងការអរគុណយ៉ាងជ្រាលជ្រៅចំពោះលោក APICHART DUANG-ART ប្រធានក្រុមហ៊ុន EVA ដែលបានផ្តល់សម្ភារៈទាំងនេះមករដ្ឋបាលខណ្ឌ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃ ជំងឺកូវីដ-១៩ដែលកំពុងឆ្លងយ៉ាងខ្លាំងនៅរាជធានីភ្នំពេញនេះ។

តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះពិតជាបានរួមចំណែកយ៉ាង សំខាន់ជាមួយរដ្ឋបាលខណ្ឌ និងរាជរដ្ឋាភិបាលស្របតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានទាន់ពេលវេលា។ ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ នឹងត្រូវបានចងចាំដោយរដ្ឋបាលខណ្ឌ និងរដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងប្រជាពលរដ្ឋកម្ពុជាទាំងអស់៕