(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលរងខេត្ត និងប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម ខេត្តពោធិ៍សាត់ បានដឹកនាំសមាជិក សមាជិកា នាំយកអំណោយមនុស្សធម៌ ទៅប្រគល់ជូនស្ត្រីជាជនចាស់ជរា គ្មានទីពឹង និងជួបការលំបាកទីទ័លក្រ ចំនួន១០នាក់ ដល់លំនៅដ្ឋាន ស្ថិតក្នុងឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦។
លោក ខូយ រីដា បានលើកឡើងថា ជាការពិតណាស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជាប្រធាន បានផ្តល់អាទិភាព ក្នុងការផ្តល់អំណោយមនុស្សធម៌ ដល់ប្រជាពលរដ្ឋរងគ្រោះធ្ងន់ធ្ងរ ជាងគេជាមុន ហើយក៏មិនភ្លេចពីការលំបាក ខ្វះខាត របស់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយកត្តាផ្សេងៗដែរ ពោលគឺសាខាបានចែកជូនជាបន្តបន្ទាប់ ទៅតាមប្រភេទនៃការរងគ្រោះ។ ការផ្តល់ជូននេះមិនបានប្រកាន់ ឬរើសអើង ពីនិន្នាការនយោបាយ បក្ខពួក ជាតិសាសន៍ វណ្ណៈ ពណ៌សម្បុរអ្វីឡើយឲ្យតែប្រជាពលរដ្ឋ ជួបការលំបាកទីទ័លក្រ គឺសុទ្ធតែទទួលបាននូវការឧបត្ថម្ភស្មើៗគ្នា គ្រប់ក្រុមគ្រួសារនីមួយៗ។
លោក ខូយ រីដា បានថ្លែងថា រាល់អំណោយមនុស្សធម៌ ដែលសាខាកាកបាទក្រហមខេត្តនាំយកទៅ ផ្តល់ជូនស្ត្រីជាជនចាស់ជរា គ្មានទីពឹង និងជួបការលំបាកទីទ័លក្រ គឺសុទ្ធតែជាការបរិច្ចាគរបស់ព្រះសង្ឃ សប្បុរសជន ក្នុង និងក្រៅប្រទេស ពិសេសប្រតិភូដែលរួមដំណើរ ដែលគេមានជំនឿទុកចិត្តចំពោះសកម្មភាពមនុស្សធម៌ ដោយបានផ្តល់ជូនជាថវិកាសម្ភារផ្សេងៗ ដើម្បីសាខាកាកបាទក្រហមខេត្ត មានលទ្ធភាពបន្តជួយដល់ប្រជាពលរដ្ឋយើង នៅគ្រប់មូលដ្ឋាន ដែលទទួលរងគ្រោះ និងមានការខ្វះខាតឲ្យទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធិភាព។
ក្នុងនាមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម ខេត្តពោធិ៍សាត់ លោកបានថ្លែងអំណរគុណ និងកោតសរសើរដល់ព្រះសង្ឃ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សប្បុរសជនក្នុង និងក្រៅខេត្ត ដែលបានខិតខំយកចិត្តទុកដាក់ ជួយឧបត្ថម្ភ និងទទួលខុសត្រូវខ្ពស់ ក្នុងការជួយប្រជាពលរដ្ឋយើងនៅមូលដ្ឋាន ជាការរួមចំណែកបានច្រើន នូវហានិភ័យ ព្រមទាំងបានជម្រាបជូនដល់អាជ្ញាធរមូលដ្ឋាន ពិនិត្យតាមដានចំពោះប្រជាពលរដ្ឋក្រីក្រ ពិសេសជនចាស់ជរាគ្មានទីពឹង ស្ត្រីម៉េម៉ាយជាដើម។
អំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមខេត្ត ចែកជូនប្រជាពលរដ្ឋជាជនចាស់ជរា គ្មានទីពឹង និងជួបការលំបាកទីទ័លក្រ ចំនួន១០នាក់ ក្នុងម្នាក់ៗទទួលបានអង្ករ២៥គីឡូក្រាម មី ១កេសតូច ត្រីខ ៦កំប៉ុង សម្ភារប្រើប្រាស់ និងថវិកាមួយចំនួន។ ក្នុងខណៈនោះដោយពិនិត្យមើលឃើញ ផ្ទះលោកយាយម្នាក់ មានសភាពចាស់ទ្រុឌទ្រោម ពិបាករស់នៅ លោក ខូយ រីដា បានសន្យាថានឹងជួយគ្រឿងឈើផ្ទះមួយខ្នង សម្រាប់សាងសង់ ក្រោយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ខាងមុខនេះ៕