(បន្ទាយមានជ័យ)៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំផ្ទេរប្រជាពលរដ្ឋ និងពលករដែលត្រឡប់មកពីប្រទេសថៃប្រមាណ ៥០០នាក់ ដែលកំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កកម្រិត២កងវ៉ា នៅភូមិកងវ៉ា សង្កាត់កំពង់ ស្វាយក្រុងសិរីសោភ័ណ ទៅមណ្ឌលចត្តាឡីស័កកម្រិត២ វិទ្យាល័យសម្តេចឪវិញ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១។
ការសម្រេចចល័តអ្នកធ្វើចត្តាឡីស័កនេះ ព្រោះមន្ត្រីជំនាញ បានយកមណ្ឌលចត្តាឡីស័កកងវ៉ា សម្រាប់ធ្វើជាមណ្ឌលព្យាបាលទី១៤ សម្រាប់ថែទាំព្យាបាលអ្នកជំងឺកូវីដ១៩។
ពិធីផ្ទេរអ្នកធ្វើចត្តាឡីស័កនេះ បានធ្វើឡើងក្រោមអធិបតីភាពលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ, លោក ណង វុទ្ធី នាយករងរដ្ឋបាលសាលាខេត្ត ប្រធាន អនុប្រធានមន្ទីរ លោកហឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ និងសហការី កងកម្លាំងទាំង ៣ផងដែរ។
លោក ណង វុទ្ធី នាយករដ្ឋបាល សាលាខេត្តបន្ទាយមានជ័យ និងជាប្រធានគ្រប់គ្រង មណ្ឌលចត្តាឡីស័កកម្រិត២ វិទ្យាល័យសម្តេចឪ បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តបន្ទាយមានជ័យ យ៉ាងដូច្នេះថា៖ «ពលករខ្មែរ ប្រមាណ៥០០នាក់ ដែលត្រូវជូន នងទទួលដំណើរពីមណ្ឌលចត្តាឡីស័កកម្រិត២ កងវ៉ា ផ្ទេរទៅមណ្ឌលចត្តាឡីស័កកម្រិត២ វិទ្យាល័យសម្តេចឪនេះ»។
លោកបានបន្តថា ការផ្ទេរពលករដែលជាអ្នកធ្វើចត្តាឡីស័កនេះ ដោយសាររដ្ឋបាលខេត្ត បានសម្រេចយកមណ្ឌលចត្តាឡីស័កកងវ៉ា ត្រូវត្រៀមធ្វើជាមណ្ឌលព្យាបាលថ្មីទី១៤ របស់ខេត្ត។ ម្យ៉ាងទៀតលោកថា ស្ថានភាពបរិមាណពលករខ្មែរ វិលត្រឡប់ពីប្រទេសថៃ ចូលមកធ្វើចត្តាឡីស័កនៅ មណ្ឌលកងវ៉ានេះក៏កាន់តែច្រើន ហើយលទ្ធផលសំណាកក៏រកឃើញវិជ្ជមានកូវីដ១៩ ស្ទើររាល់ថ្ងៃ។
លោកបានបញ្ជាក់ថា ជាងនេះទៅទៀត មណ្ឌលព្យាបាលនៅសាលាសុខាភិបាល នៃសាកលវិទ្យាល័យជាតិមានជ័យទឹកថ្លា ក្រុងសិរីសោភ័ណ មានអ្នកជំងឺជាង ១៥០នាក់ ក៏ពេញហើយដែរ។ ហេតុនេះរដ្ឋបាលខេត្ត ត្រូវប្រញាប់រៀបចំមណ្ឌលចត្តាឡីស័កកម្រិត២ នៅវិទ្យាល័យសម្តេចឪឡើងវិញ៕