(មណ្ឌលគីរី)៖ លោក ស៊ុយ សែម រដ្ឋមន្រ្ដីក្រសួងរ៉ែ និងថាមពល បានថ្លែងឲ្យដឹងថា វត្តមាននៃរោងចក្រចម្រាញ់រ៉ែមាស របស់ក្រុមហ៊ុម រ៉ឺនេសង់ មីនើរ៉ល ខេមបូឌា លីមីធីត ដែលត្រូវបានបើកដំណើរការនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះ ជាការបង្កើតកំណត់ត្រាដំបូងជាប្រវត្តិសាស្ត្រ នៃការចាប់ផ្ដើមឧស្សាហកម្មចម្រាញ់រ៉ែមាសរបស់កម្ពុជា ហើយនេះជាសក្ខីភាពបង្ហាញពីការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា។
ការលើកឡើងរបស់លោករដ្ឋមន្រ្ដី ស៊ុយ សែម ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីដាក់ឱ្យដំណើរការ រោងចក្រចម្រាញ់រ៉ែមាស នៅក្នុងតំបន់អូរខ្វាវ ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១។
លោក ស៊ុយ សែម បានថ្លែងឲ្យដឹងថា នេះគឺជាសមិទ្ធិផលថ្មីស្រឡាងមួយទៀត ដែលកើតចេញពីនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបាននាំមកនូវសន្តិភាព ស្ថេរភាពនយោបាយ និងការឯកភាពជាតិជូនជាតិ និងមាតុភូមិ ដែលជាកត្តាចាំបាច់បំផុត និងមិនអាចខ្វះបាន ក្នុងការអនុញ្ញាតឱ្យមានការវិនិយោគ ទ្រង់ទ្រាយធំនៅក្នុងវិស័យធនធានរ៉ែនេះ។
លោកបន្ដថា សមិទ្ធិផលនេះបាននាំមកនូវលំហូរទុនវិនិយោគពី ក្រៅប្រទេសមកកម្ពុជា ការបង្កើតឱកាសការងារ និងសេដ្ឋកិច្ច ការពង្រីកបាននូវពិពិធកម្មខឿន ឧស្សាហកម្មក្នុងស្រុក និងផលប្រយោជន៍សេដ្ឋកិច្ចសង្គមផ្សេងៗទៀតជាច្រើន សម្រាប់ប្រទេស កម្ពុជា។
លោក ស៊ុយ សែម បញ្ជាក់ថា «សមិទ្ធិផលនេះជាការបង្កើតនូវកំណត់ត្រាដំបូងជាប្រវត្តិសាស្ត្រ នៃការចាប់ផ្ដើមឧស្សាហកម្មចម្រាញ់រ៉ែមាសរបស់កម្ពុជា ហើយជាសក្ខីភាពយ៉ាងជាក់ច្បាស់ នូវការការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល នារយៈពេលកន្លងមក ក្នុងការបង្កើតបាននូវបរិស្ថានវិនិយោគសមប្រកប សម្រាប់ទាក់ទាញវិនិយោគទុន ពីក្រៅប្រទេស និងការបង្កើតនូវខឿនឧស្សាហកម្មថ្មីមួយ ប្រកបដោយការទទួលខុសត្រូវបរិស្ថាន និងសង្គម តាមស្តង់ដាអន្តរជាតិ ដែលអនុញ្ញាតឱ្យកម្ពុជា អាចទាញយកបាននូវធនធានរ៉ែ ជាសម្បត្តិធម្មជាតិដ៏មានតម្លៃរបស់ខ្លួន ដើម្បីធ្វើការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងសង្គមបង្កើតបាននូវផលប្រយោជន៍រយៈពេលវែងសម្រាប់ប្រជាជនកម្ពុជាជា ច្រើនជំនាន់ក្នុងពេលអនាគត»។
លោករដ្ឋមន្រ្ដីបានបញ្ជាក់ថា «ការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាសនេះ មានសមត្ថភាពជីកយករ៉ែឆៅប្រមាណជិត២លានតោនក្នុងមួយឆ្នាំ និងចម្រាញ់ចេញជាដុំមាសកម្រិត ៩០% (Gold Doré Bars) បានប្រមាណ៣តោនក្នុងមួយឆ្នាំ សម្រាប់រយៈពេលប៉ាន់ស្មានដំបូងចំនួន៨ឆ្នាំ។ ការធ្វើអាជីវកម្មរ៉ែមាសនេះ នឹងស្រូបទាញកម្លាំងពលកម្មសរុបប្រមាណ៤៦២នាក់ ក្នុងនោះជនជាតិខ្មែរ៤២៧នាក់ និងបរទេស៣៥នាក់ ហើយអាចទាញយកចំណូលដុលប្រមាណ១៨៥លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ ដែលក្នុងនោះចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្ទាល់មានប្រមាណ ៤០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ»។
លោកបានបន្ដថា ទន្ទឹមនឹងផលប្រយោជន៍សេដ្ឋកិច្ចខាងលើ ដំណើរការការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាសមួយនេះ នឹងការចូលរួមចំណែកយ៉ាងសំខាន់ ដល់ការបង្កើតសមត្ថភាពជាតិ និងគម្រូឧស្សាហកម្មថ្មីមួយ សម្រាប់ការធ្វើអាជីវកម្មធនធានរ៉ ប្រកបដោយការទទួលខុសត្រូវ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។
លោក Simon Lee ជាប្រធានក្រុមហ៊ុន Emerald Resources NL ជាក្រុមហ៊ុនចុះបញ្ជីនៅក្នុងទីផ្សារភាគហ៊ុនអូស្ត្រាលី ASX ដែលជាម្ចាស់ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីធីត បានថ្លែងឲ្យដឹងថា ការប្រកាសបើកដំណើរការ ការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី គឺជាជោគជ័យមួយនៃប្រតិបត្តិការដ៏មានសារៈសំខាន់ ចំពោះអ្នកទាំងអស់គ្នា នៅក្នុងប្រទេសកម្ពុជាទាំងមូល។
លោកបានបញ្ជាក់ថា «ជោគជ័យនៃប្រតិបត្តិការនៅកម្ពុជា មានសារៈសំខាន់ណាស់សម្រាប់យើងទាំងអស់គ្នា ដោយមានការសហការ និងជំនួយពីរាជរដ្ឋាភិបាល យើងត្រូវធ្វើឲ្យប្រតិបត្តិការនេះ ក្លាយជាគំរូជោគជ័យមួយ ដែលអ្នកទាំងអស់គ្នា នៅក្នុងប្រទេសកម្ពុជា អាចមានមោទនភាព និងជាគំរូមួយដែលរដ្ឋាភិបាល អាចប្រើជាឧទាហរណ៍ ដើម្បីបង្ហាញអ្នកដទៃទៀត»។
លោកប្រធានក្រុមហ៊ុនបានបញ្ជាក់ទៀតថា «យើងមានក្តីរំភើប ចំពោះសក្តានុពលនៃការបង្កើនធនធាន និងជម្រកធនធានរ៉ែបំរុង នៅជុំវិញតំបន់អូរខ្វាវ ហើយយើងក៏មានក្ដីសង្ឃឹមស្រដៀងគ្នានេះដែរ ក្នុងការស្វែងរកជម្រកធនធានរ៉ែ ដែលមានលក្ខណៈសេដ្ឋកិច្ចបន្ថែមទៀត នៅក្នុងតំបន់អាជ្ញាប័ណ្ណស្វែងរុករករ៉ែដ៏ធំរបស់ក្រុមហ៊ុន»។
លោកប្រធានបានបន្ថែមថា អ្វីៗទាំងនេះប្រាកដជាមិនអាចធ្វើទៅបានទេ បើគ្មានការដឹកនាំពីក្រុមប្រតិបត្តិការ និងគណៈគ្រប់គ្រងរបស់ក្រុមហ៊ុនដែលមានបទពិសោធន៍ ហើយទាំងអស់នេះក៏មិនអាចសម្រេចទៅបានដែរ បើគ្មានការគាំទ្រ និងកិច្ចខិតខំប្រឹងប្រែងសហការ ពីរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។
លោក Simon Lee បានថ្លែងអំណរគុណចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងនាមជាអ្នកដឹកនាំប្រទេសដ៏ស្រស់បំព្រងមួយនេះ លោកពិតជាមានសំណាងណាស់ ដែលបានធ្វើកិច្ចប្រតិបត្តិការ នៅក្នុងប្រទេសមួយដែលមានប្រពៃណី និងប្រជាពលរដ្ឋដ៏អស្ចារ្យ៕