(ភ្នំពេញ)៖ គណៈកម្មការជំនាញនៃរដ្ឋសភា ព្រមទាំងក្រសួងពាក់ព័ន្ធដឹកនាំដោយក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះ បានបើកកិច្ចប្រជុំរួមគ្នាពិនិត្យសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)។
គណៈកម្មការជំនាញរដ្ឋសភាដែលចូលរួមកិច្ចប្រជុំនេះរួមមាន៖ គណៈកម្មការទី២នៃរដ្ឋសភា ដឹកនាំលោកកិត្តិសេដ្ឋាបណ្ឌិត ជៀម យាប ជាប្រធាន, គណៈកម្មការទី៥នៃរដ្ឋសភា ដឹកនាំដោយលោក ឈាង វុន ជាប្រធាន, គណៈកម្មការទី៩នៃរដ្ឋសភា ដឹកនាំដោយលោកស្រី និន សាផុន ជាប្រធាន។ ដោយឡែកភាគីខាងអន្តរក្រសួងវិញ ដឹកនាំការចូលរួមកិច្ចប្រជុំដោយលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។
កិច្ចប្រជុំធ្វើឡើងដើម្បីពិនិត្យនូវខ្លឹមសារនានា ធ្វើយ៉ាងណាឱ្យសេចក្តីព្រាងច្បាប់នេះ អាចចូលជាធរនៅខែមករា ឆ្នាំ២០២២ ខាងមុខនេះ។
ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំនៃគណៈកម្មការជំនាញរដ្ឋសភា បានស្វែងយល់ពីភាពចាំបាច់នៃកិច្ចព្រមព្រៀង RCEP ដែលនឹងបង្កើតនូវក្របខណ្ឌភាពជាដៃគូដែលមានលក្ខណៈទំនើប ទូលំទូលាយ គុណភាពខ្ពស់ ព្រមទាំងផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ចឱ្យគ្នាទៅវិញទៅមក ដែលនឹងសម្រួលដល់ការពង្រីកខ្សែច្រវាក់ផ្គត់ផ្តង់ពាណិជ្ជកម្មនិងការវិនិយោគក្នុងតំបន់ ការផ្តល់សញ្ញាទៅកាន់ពិភពលោកអំពីការគាំទ្រប្រព័ន្ធពាណិជ្ជកម្មសេរីពហុភាគី ដែលផ្អែកលើគោលការណ៍ច្បាប់ និងជាពិសេសការចូលរួមចំណែកក្នុងការស្តារសេដ្ឋកិច្ចកម្ពុជា និងតំបន់ឡើងវិញបានឆាប់រហ័សពីវិបត្តិកូវីដ-១៩។
ថ្នាក់ដឹកនាំនៃគណៈកម្មការជំនាញនៃរដ្ឋសភា បានគាំទ្រទាំងស្រុង ចំពោះសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់នេះ។
សូមរំលឹកថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់នេះ ជាគំនិតផ្តួចផ្តើមរបស់អាស៊ាន ដែលផ្អែកលើកុងសង់ស៊ីសសម្រាប់ ការធ្វើសេចក្តីសម្រេចចិត្ត និងត្រូវបានដាក់ឱ្យចាប់ផ្តើមជាផ្លូវការ ដោយថ្នាក់ដឹកនាំអាស៊ាន និងដៃគូពាណិជ្ជកម្មសេរីអាស៊ាននៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ នៅរាជធានីភ្នំពេញ ដែលព្រះរាជាណាចក្រកម្ពុជាជាប្រធានអាស៊ាន។ កិច្ចព្រមព្រៀងអាសិបនេះ ត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្រ្តីអាសិប កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាសិបលើកទី៤។
កិច្ចព្រមព្រៀងអាសិប បង្កើតបានទីផ្សារចំនួន ២.២ពាន់លាននាក់ ឬ ៣០% នៃចំនួនប្រជាជនពិភពលោក ដែលមានផលិតផលក្នុងស្រុកសរុបរួមគ្នាប្រមាណ ២៦.២ទ្រីលានដុល្លាអាម៉េរិក ឬ ៣០% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក និងមានចំនួនប្រមាណ ២៨% នៃទំហំពាណិជ្ជកម្មពិភពលោក (ផ្អែកលើទិន្នន័យឆ្នាំ២០១៩)។
ផ្អែកតាមលទ្ធផលនៃការចរចា និងការសិក្សារបស់ វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច សម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) បានបង្ហាញថា បន្ទាប់ពីបញ្ចប់កិច្ចព្រមព្រៀងអាសិបនេះ កម្ពុជាអាចនឹងមានកំណើនប្រចាំឆ្នាំ ការនាំចេញចំនួន ៧,៣% វិនិយោគចំនួន ២៣,៤% និងផលិតផលក្នុងស្រុកសរុបចំនួនប្រមាណ ២% លើផលិតផលក្នុងស្រុកសរុប ដែលមានបច្ចុប្បន្ន៕