(ពោធិ៍សាត់)៖ សពលោកតាម្នាក់អាយុ៦៧ឆ្នាំ ត្រូវបានគេប្រទះឃើញ នៅក្នុងរណ្ដៅភ្នក់ភ្លើង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្តកិច្ចនៅក្នុងមូលដ្ឋានចុះទៅមើល នៅល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦ ត្រង់ចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិឈើទាលខ្ពស់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។ លោក ឯម រុន អធិការនគរបាល ស្រុកក្រគរប្រាប់ភ្នាក់ងារ Fresh New ឲ្យដឹងថា រងគ្រោះឈ្មោះ កង កន អាយុ៦៧ឆ្នាំ ប្រពន្ធឈ្មោះ សួន រីម អាយុ៦៥ឆ្នាំ មានកូនស្រីពីរនាក់ រស់នៅភូមិឃុំកើតហេតុខាងលើ។
លោកអធិការបានដកស្រង់សំដីស្រ្តីជាប្រពន្ធថា ប្តីគាត់មានជំងឺទន់ដៃទន់ជើង ប្រចាំកាយ ហើយគាត់តែងតែធ្វើនេះធ្វើនោះ នៅក្នុងបរិវេណផ្ទះ មិនទំនេរដៃនោះទេ ជាពិសេសគាត់ឧស្សាហ៍បោសសម្រាមយកទៅចាក់ចូលក្នុងរណ្ដៅអណ្ដូង ដែលមានជុំរៅប្រមាណ១ម៉ែត្រ នៅខាងមុខផ្ទះរួចដុតជាប្រចាំ តែជាអកុសល្យនៅមុនពេលកើតហេតុ ប្រពន្ធគាត់រវល់ទៅបុណ្យអ្នកភូមិផងរបងជាមួយ ចំណែកកូនៗទៅធ្វើការរោងចក្របាត់ នៅពេលត្រឡប់មកវិញ ទើបបាត់រូបគាត់ ក៏នាំដើររកក៏ប្រទះឃើញស្លាប់ក្នុងរណ្ដៅភ្នក់ភ្លើងអណ្ដូងចាស់ រឹងក្រញេងក្រញ៉ង់យ៉ាងអាណោចអាធម៌បាត់ទៅហើយ។
លោកអធិការបន្តទៀតថា បន្ទាប់ពីទទួលបានព័ត៌មាននេះ កម្លាំងអាជ្ញាធរចុះដល់កន្លែងកើតហេតុ ហើយធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ទើបសន្និដ្ឋានថា ជនរងគ្រោះអាចបណ្ដាលមកពីគាត់ដងទឹកយកទៅចាក់ពន្លត់ភ្លើងខ្លាចឆេះ រាលឆ្លងទៅផ្ទះអ្នកជិតខាង ហើយទន់ជើង ទាក់ជើង ឬរអិលធ្លាក់ចូលតែម្តង ព្រោះឃើញមានធុងទឹកតូច១ផងដែរ ដោយពុំមានការពាក់ព័ន្ធ និងអំពើឃាតកម្មអ្វីនោះឡើយ។ ក្រោយពិនិត្យសពសមត្ថកិច្ច បានប្រគល់សពឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕