(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះ សាលាឧទ្ធរណ៍ភ្នំពេញ បានបើកសវនាការប្រកាសសាលដីការលើសំណុំរឿង ឃាតកម្មបាញ់សម្លាប់ថៅកែទឹកសុទ្ធ នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដោយបានសម្រេចតម្កល់ទុកជាបានការនូវសាលក្រមរបស់សាលាដំបូងខេត្តកំពង់ឆ្នាំង ដែលបានកាត់ទោសជនដៃដល់ឈ្មោះ អោម ឆន ហៅ ឆោម ឆន ភេទប្រុស អាយុ៥៨ឆ្នាំ ឲ្យជាប់ពន្ធនាគារអស់មួយជីវិត។
សំណុំរឿងនេះដែរ សាលក្រមព្រហ្មទណ្ឌលេខ១០០ “ឃ” របស់សាលាដំបូងខេត្តកំពង់ឆ្នាំង បានសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារអស់មួយជីវិត។ ប៉ុន្តែពិរុទ្ធជន អោម ឆន ហៅ ឆោម ឆន បានប្តឹងជំទាស់ទៅសាលាឧទ្ធរណ៍ ចំពោះការសម្រេចនេះ។
នេះបើយោងតាម លោក ប្លង់ សំណាង អ្នកពាក្យសាលាឧទ្ធរណ៍ បានបញ្ជាក់ឲ្យអង្គភាពព័ត៌មាន Fresh News បានដឹងនៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះ ។
គួរបញ្ជាក់ផងដែរថា មុននឹងឈានដល់ការសម្រេចសេចក្តីប្រកាសផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតលើពិរុទ្ធជននេះ សាលាដំបូងខេត្តកំពង់ឆ្នាំងនេះ តុលាការបានធ្វើការស៊ើបអង្កេត វិភាគ វិនិច្ឆ័យ គ្រប់ដំណាក់កាលនៃនីតិវិធី ទាំងលើអង្គហេតុ អង្គច្បាប់ សាក្សីដាក់បន្ទុក សាក្សីដោះបន្ទុក និងភស្តុតាង យ៉ាងម៉ត់ចត់គ្រប់ជ្រុងជ្រោយ តាំងពីដំណាក់កាលមន្រ្តីនគរបាលយុត្តិធម៌ ដំណាក់កាលអយ្យការ ដំណាក់កាលចៅក្រមស៊ើបសួរ និងដំណាក់កាលជំនុំជម្រះ។
សំណុំរឿងព្រហ្មទណ្ឌខាងលើនេះគឺជាបទឧក្រិដ្ឋ ហេតុដូច្នេះបានប្រើពេលវេលាថ្លឹងថ្លែងទៅលើសំណុំរឿងនេះយ៉ាងម៉ត់ចត់ សូម្បីតែនៅដំណាក់កាលចៅក្រមស៊ើបសួរកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ ឈ្មោះ អោម ឆន បានស្នើសុំដោះលែងឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន ប៉ុន្តែត្រូវបានសាលាដំបូងខេត្តកំពង់ឆ្នាំងបដិសេធមិនព្រមដោះលែងឱ្យនៅក្រៅឃុំ។
លើសពីនេះសាលាដំបូងខេត្តកំពង់ឆ្នាំងបានចេញដីកាសម្រេចលើកលែងចោទប្រកាន់ ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ និងត្រូវបានតំណាងអយ្យការសាលាដំបូងខេត្តកំពង់ឆ្នាំងប្តឹងឧទ្ធរណ៍លើដីកាសម្រេចលើកលែងការចោទប្រកាន់នេះ ហើយសាលាឧទ្ធរណ៍ភ្នំពេញបានបដិសេធចោលដីកាសម្រេចលើកលែងការចោទប្រកាន់តាមសាលដីកាចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ ដោយបានបញ្ចូនសំណុំរឿងមកសាលាដំបូងខេត្តកំពង់ឆ្នាំង ធ្វើការជំនុំជម្រះ។
សាលក្រមសាលាដំបូងខេត្តកំពង់ឆ្នាំងសម្រេចផ្តន្ទាទោសឈ្មោះ អោម ឆន ហៅ ឆោម ឆន ភេទប្រុស អាយុ៥៨ឆ្នាំ ពីបទឃាតកម្មគិតទុកជាមុនជាប់ពន្ធនាគារអស់មួយជីវិត គឺបានផ្ដល់យុត្តិធម៌ដល់ក្រុមគ្រួសារជនរងគ្រោះ ក្រោយពីពួកគេបានបាត់បង់ឪពុក ប្ដី និងជីតាជាទីស្រលាញ់ ក៏ដូចជាជនរងគ្រោះដែលបានស្លាប់យ៉ាងអាណោចអាធម។ ម្យ៉ាងទៀតសកម្មភាពទាំងនេះបានធ្វើឲ្យប៉ះពាល់ដល់របៀបរៀបរយសណ្ដាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គមថែមទៀតផង។
ក្រុមគ្រួសារ ជនរងគ្រោះសង្ឃឹមថា សាលាឧទ្ធរណ៍ភ្នំពេញ នឹងផ្តល់ភាពយុត្តិធម៌ដល់ក្រុមគ្រួសារជនរងគ្រោះ ដោយផ្តន្ទាទោសពិរុទ្ធជនឈ្មោះ អោម ឆន ហៅ ឆោម ឆន ពីបទឃាតកម្មគិតទុកជាមុន ក្នុងថ្ងៃប្រកាសសាលដីកាលើសំណុំរឿងព្រហ្មទណ្ឌនេះ នាពេលព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១៕