(ត្បូងឃ្មុំ)៖ លោក វង សូត រដ្ឋមន្ត្រី ក្រសួង សង្គមកិច្ចអតីត យុទ្ធជននិងយុវនីតិសម្បទានិងប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាចស្រុកកំចាយមារ ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២១ បានចូលរួម ពិធីសំណេះសំណាល និងចែកអំណោយជូនជនពិការក្រីក្រតាមសហគមន៍ និងគ្រួសារដែលជួបគ្រោះធម្មជាតិ ចំនួន ក្នុងមូលដ្ឋានឃុំក្រែកស្រុកពញាក្រែកខេត្ត ត្បូងឃ្មុំ។
លោករដ្ឋមន្ត្រី វង សូត បានថ្លែងថាមន្ត្រី គឺត្រូវបំរើប្រជារាស្ត្រនៅតាមមូលដ្ឋានឲ្យបានត្រឹមត្រូវនិងតម្លាភាព ហើយជាពិសេស មន្ត្រីដែលគ្រប់គ្រងកម្មវិធីឧបត្តម្ភសាច់ប្រាក់ពីរាជរដ្ឋាភិបាលកម្ពុជាត្រូវបង្កើនការយកចិត្តទុកដាក់ព្យាយាម បំរើតាមតម្រូវការ ចុះសម្ភាសន៍ផ្ទាល់ៗកុំរង់ចាំអស់ពេលបានចុះទៅធ្វើពោលគឺ គ្រួសារដែលក្រីក្រពិតប្រាកដ គឺទទួលបានសាច់ប្រាក់ឧបត្តម្ភនេះហើយ។
លោក រដ្ឋមន្ត្រីបានបន្ថែមទៀតថា ចំពោះបងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកលើជីវភាពទូទាំងប្រទេសត្រូវរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេច តេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានផ្តល់សាច់ប្រាក់ជួយសម្រួលជីវភាពគ្រួសារក្រីក្រក្នុងវិបត្តិកូវីដ១៩នេះ។ បើទោះបីកម្ពុជា រងគ្រោះដោយវិបត្តិកូវីដ១៩ ក៏ដោយរាជរដ្ឋាភិបាល កម្ពុជានៅតែផ្សព្វផ្សាយអប់រំ និងជាពិសេសនោះជួយពលរដ្ឋក្នុងរូបភាពចែកជូនអំណោយមនុស្សធម៌ ដែលជួបការរងគ្រោះធម្មជាតិ ខ្យល់កន្ក្រាក់ប៉ះពាល់ ផ្ទះសម្បែងក្នុងន័យជួយសម្រួលនូវជីវភាពគ្រួសារពលរដ្ឋឲ្យកាន់តែល្អប្រសើរវិញ។
លោកបានជម្រុញដល់អាជ្ញាធរពាក់ព័ន្ធ ត្រូវអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួននូវវិធានអនាម័យរបស់ក្រសួង សុខាភិបាលបីការពារបីកុំ និងបង្កើនការការពារទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ១៩ តាមសហគមន៍ខណៈ កម្ពុជារកឃេីញអ្នកវិជ្ជមានកូវីដ១៩ជាបន្តបន្ទាប់ក្រោយព្រឹត្តការណ៍២០កុម្ភ។ លោករដ្ឋមន្ត្រីបានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមសហការជាមួយអាជ្ញាធរក្រុមគ្រូពេទ្យ ក្នុងមូលដ្ឋានធ្វើការតាមដានបញ្ហាសុខភាព ជាប្រចាំដើម្បីជៀសឆ្ងាយពីជម្ងឺឆ្លងដ៏កាចសាហាវមួយនេះ។
លោករដ្ឋមន្រ្តី បានផ្តល់ជាកិតិ្តយសប្រគល់នូវកញ្ចប់អំណោយជានិមិត្តរូបដល់តំណាងជនពិការក្រីក្រ និងប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ ដោយក្នុងម្នាក់ៗទទួលបាននូវថវិកា៥ម៉ឺនរៀល អង្ករ២៥គីឡូក្រោម ត្រីខ១យួរ ទឹកស៊ីវអ៊ីវ១យួរ ទឹកត្រី១យួរ អំបិល២កញ្ចប់ មី១កេសក្រម៉ា១និងសម្ភារៈពេទ្យសម្រាប់ការពារជំងឺខូវីដ១៩មួយចំនួន៕