(ភ្នំពេញ)៖ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានថ្លែងឲ្យដឹងថា សហរដ្ឋអាមេរិក ចង់បណ្តុះបណ្តាលធនធានមន្រ្តីអាវុធហត្ថ របស់ប្រទេសកម្ពុជា លើជំនាញផ្សេងៗ ដែលជាប់ពាក់ព័ន្ធ នឹងបញ្ហាសន្តិសុខជាតិ។
បំណងរបស់រដ្ឋាភិបាលមហាអំណាចទី១ លើលោកនេះ ត្រូវបានលេចចេញនៅក្នុងជំនួបពិភាក្សាការងារ រវាងនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស ជាមួយលោកស្រី ប្រធានក្រុមសន្តិសុខស្ថានទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦នេះ នៅសាលសវនាការបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស។
លោកឧត្តមសេនីយ៍ អេង ហ៊ី បានបញ្ជាក់ថា «កិច្ចពិភាក្សានេះ ផ្តោតសំខាន់លើបញ្ហាពាក់ព័ន្ធបញ្ហាសន្តិសុខ នៅប្រទេសកម្ពុជា ហើយគាត់ចាប់អារម្មណ៌ លើការគ្រប់គ្រងអាវុធជាតិផ្ទុះនៅប្រទេសកម្ពុជា»។ បើតាមអ្នកនាំពាក្យភាគីទាំង២ បានបង្ហាញនូវកិច្ចសហការគ្នាយ៉ាងល្អ លើកិច្ចសហប្រតិបត្តិការពង្រឹងបញ្ហាសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម របស់ប្រទេសកម្ពុជា៕