(កណ្តាល)៖ ចំណងមិត្តភាពកម្ពុជា-ចិនលើវិស័យសុខាភិបាល ត្រូវបានសម្ដែងឱ្យឃើញមួយផ្នែកទៀត តាមរយៈកិច្ចសហការរបស់មន្ទីរពេទ្យបេះដូង FUWAI ខេត្តយូណាន អង្គការ YUNDI និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ដែលបានស្ម័គ្រចិត្តបណ្ដុះបណ្ដាលជំនាញព្យាបាល «ជំងឺបេះដូង ជំងឺទឹកនោមផ្អែម និងជំងឺលើសឈាម» ជូនដល់ក្រុមគ្រូពេទ្យកម្ពុជា ដែលបម្រើការងារមណ្ឌលសុខភាពទឹកវិល ស្រុកស្អាង ខេត្តកណ្តាល។

កម្មវិធីបណ្ដុះបណ្ដាលនេះធ្វើឡើងតាមរយៈប្រព័ន្ធ Online ក្នុងរយៈពេលមួយថ្ងៃ គឺនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ដោយមានការចូលរួមពីសំណាក់គ្រូពេទ្យកម្ពុជា ១០ រូប ដែលសុទ្ធតែបម្រើការងារនៅមណ្ឌលសុខភាពទឹកវិលខាងលើនោះ។

ក្នុងពេលបើកកម្មវិធីបណ្ដុះបណ្ដាល លោក ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះមានគោលបំណងសំខាន់ចំនួន ២ រួមមាន៖ ទីមួយ ដើម្បីបង្កើនការយល់ដឹងពីការរករោគវិនិច្ឆ័យដោយបច្ចេកវិទ្យាថ្មីលើការវិភាគពីជំងឺបេះដូង ទឹកនោមផ្អែម និងលើសឈាមលើបុគ្គលដែលមានអាយុចាប់ពី ៣៥ ឆ្នាំឡើងទៅ និងទីពីរ ដើម្បីចូលរួមសិក្សាស្រាវជ្រាវរួមគ្នាជាមួយក្រុមគ្រូពេទ្យជំនាញបេះដូងនៅមន្ទីរពេទ្យបេះដូង FUWAI ខេត្តយូណាន ប្រទេសចិន។

លោកវេជ្ជបណ្ឌិត សុខា ដារ៉ាពិសិដ្ឋ ដែលជាគ្រូឧទ្ទេសក្នុងវគ្គបណ្តុះបណ្តាលនេះ បានគូសបញ្ជាក់ថា ក្រោយពីចូលរួមសិក្ខាសាលាស្តីពីជំងឺបេះដូង ទឹកនោមផ្អែម និងលើសឈាម កាលពីចុងឆ្នាំ២០១៩ នៅមន្ទីរពេទ្យបេះដូង FUWAI ខេត្តយូណាន ទើបលោកវេជ្ជបណ្ឌិតមានបំណងចែករំលែកពីបទពិសោធន៍របស់ខ្លួន រួមជាមួយនឹងបច្ចេកវិទ្យាទំនើបថ្មីរបស់មន្ទីរពេទ្យបេះដូង FUWAI ខេត្តយូណាន ក្នុងការវិភាគរករោគវិនិច្ឆ័យពីជំងឺទាំងនេះ។

លោក ណាត ប៊ុនអេង ប្រធានមណ្ឌលសុខភាពទឹកវិល បានសាទរនឹងពុទ្ធិ និងបទពិសោធន៍ថ្មីៗបន្ថែមទៀត ដែលក្រុមគ្រូពេទ្យទទួលបាននាថ្ងៃនេះ ហើយអាចយកទៅអនុវត្តដោយមានជំនួយពីបច្ចេកវិទ្យាទំនើបរបស់ចិនក្នុងការវិភាគ និងកំណត់បានកាន់តែច្បាស់ និងលឿននូវរោគវិនិច្ឆ័យពីជំងឺទាំងនេះជូនដល់ប្រជាពលរដ្ឋ។

លោក ឈីវ លីម អគ្គលេខាធិការរងអាជ្ញាធរមីនកម្ពុជា ដែលជាអ្នកសម្របសម្រួលក្នុងវគ្គបណ្តុះបណ្តាលនេះ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំរបស់គ្រប់ភាគីទាំងអស់ ព្រោះជាប្រយោជន៍ផ្តល់នូវពុទ្ធិ និងបទពិសោធន៍ថ្មីៗពីវេជ្ជបណ្ឌិតជំនាញនៃប្រទេសមិត្តទាំងពីរ ហើយសង្ឃឹមថាតាមរយៈវគ្គបណ្តុះបណ្តាលនេះ បរិមាណក្រុមគ្រូពេទ្យកម្ពុជាកាន់តែច្រើននឹងមានឱកាសទៅសិក្សា ទទួលយក និងចែករំលែកនូវបទពិសោធន៍ថ្មីៗលើជំងឺទាំងនេះ យកមកបម្រើការងារជូនដល់មណ្ឌលសុខភាព និងបម្រើសេវាសុខាភិបាលកាន់តែប្រសើរជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

គួរបញ្ជាក់ថា គិតមកដល់ខែមិថុនា ឆ្នាំ២០២១នេះ សមាគមបានរៀបចំវគ្គបណ្តុះបណ្តាលនេះចំនួន ៣ លើកហើយ មានសិក្ខាកាមសរុបចំនួន ៤០ រូប ដោយលើកទី១ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅមន្ទីរពេទ្យបង្អែកស្រុកបរកែវ ខេត្តរតនគិរី មានសិក្ខាកាមចំនួន ១៥ រូប និងលើកទី២ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ នៅមណ្ឌលសុខភាពបន្ទាយស្រី ស្រុកបន្ទាយស្រី ខេត្តសៀមរាប មានសិក្ខាកាមចំនួន ១៥ រូប៕