(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានបញ្ជាក់ថា បច្ចុប្បន្ននេះ អតីតយុទ្ធជនជាង១០ម៉ឺននាក់ និងអ្នកនៅក្នុងបន្ទុកជាង១៥ម៉ឺននាក់ កំពុងទទួលប្រាក់របបសន្តិសុខសង្គមប្រចាំខែ ពីរាជរដ្ឋាភិបាល។ នេះបើយោងតាមសារលិខិត របស់សម្តេចតេជោ ក្នុងឱកាសខួបលើកទី១៤ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២១ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២១ ខែមិថុនានេះ។
សម្តេចតេជោ ហ៊ុន សែន តាមរយៈសារលិខិតដដែលបានឱ្យដឹងថា គិតចាប់ពីខែមេសា ឆ្នាំ២០២០តទៅ រាជរដ្ឋាភិបាលបានដំឡើងប្រាក់របបសន្តិសុខ សង្គមប្រចាំខែ ជូននិវត្តជន ជនបាត់បង់សមត្ថភាពការងារ និងជនពិការ ចាប់ពី ៥៦ម៉ឺនរៀល ដល់៦២ម៉ឺនរៀល និងត្រូវបន្ថែមឱ្យដល់ត្រឹម ៦៤ម៉ឺនរៀល ក្នុងមួយខែ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «បច្ចុប្បន្ននេះ អតីតយុទ្ធជនចំនួន ១០១,២៨៧នាក់ ព្រមទាំងអ្នកនៅក្នុងបន្ទុកចំនួន ១៥១,០០៧នាក់ កំពុងទទួលប្រាក់របបសន្តិសុខសង្គមប្រចាំខែពីរដ្ឋ។ គិតចាប់ពីខែមេសា ឆ្នាំ២០២០ តទៅ រាជរដ្ឋាភិបាលបានតំឡើងប្រាក់របបសន្តិសុខ សង្គមប្រចាំខែជូននិវត្តជន ជនបាត់បង់សមត្ថភាពការងារ និងជនពិការ ចាប់ពី ៥៦ម៉ឺនរៀល ដល់៦២ម៉ឺនរៀល និងត្រូវបន្ថែមឱ្យដល់ត្រឹម ៦៤ម៉ឺនរៀល ក្នុងមួយខែ»។
ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានគូសបញ្ជាក់ថា ក្នុងនោះប្រាក់វិភាជន៍គ្រួសារ ប្រាក់បំណាច់គ្រួសារ និងកូនប្រចាំខែរបស់អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន បានកំពុងអនុវត្ត ដូចប្រាក់វិភាជន៍គ្រួសារប្រចាំខែ របស់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធផងដែរ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក៏បានផ្តល់ប្រាក់ឧបត្ថម្ភ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរចំនួន ៥ម៉ឺនរៀល ជូនដល់និវត្តជន ជនបាត់បង់សមត្ថភាពការងារ ជនពិការ និងគ្រួសារអតីតយុទ្ធជន។
តាមរយៈសារលិខិតដ៏មានអត្ថន័យនេះដែរ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានបន្ថែមថា អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ត្រូវបានធ្វើបច្ចុប្បន្នភាព និងគ្រប់គ្រងតាមប្រព័ន្ធទិន្នន័យព័ត៌មានវិទ្យា ដើម្បីធានាបានូវប្រសិទ្ធភាព និងសុវត្ថិភាពក្នុងការបើករបបសន្តិសុខសង្គមប្រចាំខែ ដែលកំពុងអនុវត្តជាមួយធនាគារដៃគូនៅទូទាំង២៥ រាជធានីខេត្ត និងបើកប្រាក់របបសន្តិសុខសង្គម រៀងរាល់ពីរសប្តាហ៍ម្តងក្នុងខែនីមួយៗ ត្រូវបានដាក់ឱ្យអនុវត្តចាប់ពីខែមករា ឆ្នាំ២០១៩ មកម្ល៉េះ។
ទន្ទឹមនឹងនេះដែរ រាជរដ្ឋាភិបាលបានផ្តល់ជូនប័ណ្ណថែទាំសុខភាព (ប.ស.ស.) ជូនជនពិការ និវត្តជន និងជនបាត់បង់សមត្ថភាពការងារ និងប័ណ្ណមូលនិធិសមធម៌សុខាភិបាល ជូនអ្នកកាន់សៀវភៅរបស់គ្រួសារជនពលី និងគ្រួសារជនមរណៈជាអតីតយុទ្ធជន ដើម្បីទៅពិនិត្យ និងព្យាបាលជំងឺនៅតាមមន្ទីរពេទ្យ ដែលបានចុះកិច្ចសន្យាជាមួយ (ប.ស.ស.) ដោយមិនបាច់បង់ប្រាក់។
ក្រៅពីនេះរាជរដ្ឋាភិបាលបានដាក់ចេញ និងអនុវត្តគោលនយោបាយ ស្តីពីការផ្តល់សម្បទានដីសង្គមកិច្ច ដល់អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដោយបានកសាងភូមិអភិវឌ្ឍន៍យោធិនពិការ នៅតាកែនកោះស្លា ស្រុកឈូក ខេត្តកំពត មណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ នៅស្រុកគូលែន ខេត្តសៀមរាប និងមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ភ្នំឆត្រ នៅខេត្តបន្ទាយមានជ័យ។ ទន្ទឹមនឹងនេះផងដែរ សមាគមអតីតយុទ្ធជនកម្ពុជា និងសម្បុរសជននានា បានកសាងផ្ទះរាប់ពាន់ខ្នង ជូនបងប្អូនអតីតយុទ្ធជន នៅតាមបណ្តាសហគមន៍។
សមាគមអតីតយុទ្ធជនកម្ពុជា ដែលត្រូវបានបង្កើតឡើងកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០០៧ បាននឹងកំពុងបំពេញតួនាទីដ៏សំខាន់ ក្នុងការលើកកម្ពស់តួនាទីរបស់បងប្អូន អតីតយុទ្ធជននៅក្នុងសង្គមជាតិ ដោយបំផុសស្មារតីសាមគ្គីភាព ជួយគ្នាទៅវិញទៅមក ដើម្បីលើកកម្ពស់ជីវភាព របស់បងប្អូនអតីតយុទ្ធជន និងគ្រួសារព្រមទាំងលើកទឹកចិត្ត ឱ្យមានការចូលរួមរបស់អតីតយុទ្ធជន និងគ្រួសារ ក្នុងការអភិវឌ្ឍប្រទេសជាតិ៕