(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានប្រកាសពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន ១១នាក់បន្ថែមទៀត នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១នេះ។
ក្នុងលិខិតប្រកាសព័ត៌មានរដ្ឋបាលខេត្តសៀមរាប បានគូសបញ្ជាក់ថា អ្នកកើតជំងឺកូវីដ១៩ទាំង១១នាក់នេះ ករណីទី១ ដល់ទី២ ជាករណីពាក់ព័ន្ធការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ដែលមានប្រភពដើមមកពីស្រុកជីក្រែង ចំពោះ ករណីទី៣ ដល់ទី៩ គឺជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយ។
ដោយឡែកករណីទី១០ និងទី១១ គឺជាប្រជាពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃ មកដល់ខេត្តសៀមរាប ហើយជាករណីសង្ស័យ ត្រូវបានក្រុមគ្រូពេទ្យដាក់ឱ្យធ្វើចត្តាឡីស័ក នៅវិទ្យាល័យ-សម្ដេចឪ។
សូមបញ្ជាកថ់ា មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៥៨៧នាក់ហើយ។ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន ១៦៦នាក់ ស្លាប់ ៥នាក់ និង ៤១៦នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត និងវិទ្យាល័យដំដែក។
រដ្ឋបាលខេត្តសៀមរាប បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានជំងឺកូវីដ១៩ ដូចមានរាយនាមក្នុងលិខិតនេះ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនឱ្យបានគ្រប់១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ក្នុងករណីមិនអនុវត្តកាតព្វកិច្ចចត្តាឡីស័ក រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលលើ្មសនឹងវិធានសុខាភិបាលនេះ។
ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។
រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល៕