(ភ្នំពេញ)៖ ស្រាយបំភ្លឺមន្ទិលសង្ស័យក្នុងចិត្តជុំវិញការផ្លាស់ប្តូរគណៈរដ្ឋមន្រ្តី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បាន ទម្លាយឲ្យដឹងថា មានរដ្ឋមន្រ្តីចំនួន ៨ក្រសួង នឹងត្រូវធ្វើការផ្លាស់ប្តូរ ក្នុងនោះមានរដ្ឋមន្រ្តីខ្លះប្តូរចេញ និងខ្លះទៀត ប្តូរពីក្រសួងចាស់ ទៅកាន់ក្រសួងថ្មី ហើយមានអភិបាលខេត្តចំនួន ៤ផងដែរ ត្រូវបានដាក់ឲ្យចូលនិវត្តន៍នៅមុនពេលកំណត់ផងដែរ។ សម្តេចតេជោ បានបញ្ជាក់ថា ការផ្លាស់ប្តូរនេះ ដើម្បីពង្រឹងនូវប្រសិទ្ធភាពការងារ។
ថ្លែងនៅក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រដល់និស្សិតសកលវិទ្យាល័យន័រតុននាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែមីនា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការសម្រេចផ្លាស់ប្តូរគណៈរដ្ឋមន្រ្តីនៅពាក់កណ្តាលអាណត្តិ នៃរាជរដ្ឋាភិបាល គឺសម្តេចធ្វើឡើង ដោយគ្មានឧបនាយករដ្ឋមន្រ្តី ឬ រដ្ឋមន្រ្តីណាដឹងទាំងអស់ គឺសម្រេចដោយសម្តេចតែម្នាក់ឯង។ សម្តេចតេជោ ក៏បានឲ្យដឹងផងដែរ សភានឹងបោះឆ្នោតផ្លាស់ប្តូរសមាសភាពរាជរដ្ឋាភិបាលនេះ នៅថ្ងៃទី០៤ ខែមេសា ខាងមុខ។
សម្តេចតេជោ បានថ្លែងយ៉ាងដូច្នេះថា៖ «តាមគម្រោងថ្ងៃទី០៤ ខែមេសា នឹងមានការបោះឆ្នោតផ្លាស់ប្តូរសមសភាពរាជរដ្ឋាភិបាលមួយចំនួន សំដៅធ្វើឲ្យការងារកាន់តែមានប្រសិទ្ធភាពឡើង។ នៅទីនេះមិនមានរដ្ឋមន្រ្តីណាមួយ ដែលអាក្រក់នោះទេ គ្រាន់តែមានរដ្ឋមន្រ្តី ខ្លះ ហាក់ដូចជាបានតែងតាំងទៅ គឺកាន់មុខតំណែងហ្នឹងរាងស្ទក់បន្តិច។ បើអ៊ីចឹងយើងកែសម្រួលនៅកន្លែងហ្នឹង»។
បើទោះបីជាយ៉ាងណាសម្តេចនាយរដ្ឋមន្រ្តី បានអំពាវនាវដល់រដ្ឋមន្រ្តី ដែលត្រូវផ្លាស់ប្តូរឲ្យបន្តការងាររហូតដល់ទទួលបានព្រះរាជក្រឹត្យតែងតាំងពីព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី។ សម្តេចតេជោ បានអំពាវនាវដូច្នេះ «ខ្ញុំសូមយកឱកាសនេះ ដើម្បីនិយាយទៅកាន់រដ្ឋមន្រ្តីបើបានដឹងខ្លួនត្រូវបានដូរពីក្រសួងនេះ ទៅក្រសួងនេះ ឬចាកចេញ។ និយាយរួម អ្នកដែលត្រូវទទួលការផ្លាស់ប្តូរ សូមបន្តការងាររហូតដល់មានព្រះរាជក្រឹត្យស្តីពីការតែងតាំង ហើយរង់ចាំផ្ទេរភារកិច្ចឲ្យរដ្ឋមន្រ្តីថ្មី»។
សម្តេចតេជោ ហ៊ុន សែន ក៏បានទម្លាយឲ្យដឹងផងដែរថា មានរដ្ឋមន្រ្តីមួយចំនួន ពេលដឹងដំណឹងនូវគម្រោងផ្លាស់ប្តូរគណៈរដ្ឋមន្រ្តី បានធ្វើលិខិតទៅសម្តេចស្នើសុំឈប់ពីការងារ និងរដ្ឋមន្រ្តីខ្លះទៀត សុំឈប់ពីមុខងារចាស់ទៅមុខងារផ្សេងដូចជាក្រុមប្រឹក្សារដ្ឋធម្មនុ ញ្ញជាដើម។
ទន្ទឹមនឹងនេះសម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហើបពីដំណឹងផ្លាស់ប្តូរអភិបាលខេត្ត ដែលដល់អាយុចូលនិវត្តន៍មុនពេលកំណត់ផងដែរ ដើម្បីសម្រួលដល់ការបោះឆ្នោតជាកញ្ចប់នៅរដ្ឋសភា។
បើតាមសម្តេចតេជោ ហ៊ុន សែន អភិបាលខេត្ត ដែលនឹងត្រូវចូលនិវត្តន៍មុនកំណត់នេះរួមមាន៖ អភិបាលខេត្តកំពត កំពង់ស្ពឺ ស្វាយ រៀង និងបន្ទាយមានជ័យ។ អភិបាលខេត្តទាំង៤ នឹងយកមកជួយការងាររាជរដ្ឋាភិបាល៕
សូមស្តាប់ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន អំពីការផ្លាស់ប្តូរគណៈរដ្ឋមន្រ្តី៖
សម្តេចតេជោ ហ៊ុន សែន បង្ហើបថា រដ្ឋមន្រ្តី ៨ក្រសួងត្រូវផ្លាស់ប្តូរសម្តេចតេជោ ហ៊ុន សែន បង្ហើបថា រដ្ឋមន្រ្តី ៨ក្រសួងត្រូវផ្លាស់ប្តូរ
Posted by Fresh News on Wednesday, March 16, 2016