(ភ្នំពេញ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចេញប្រកាសដាក់ឲ្យប្រើប្រាស់នីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់គ្រប់គ្រង ថែទាំ និងព្យបាលអ្នកជំងឺកូវីដ១៩ នៅតាមផ្ទះ។ នេះបើតាមប្រកាសដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែមិថុនានេះ។
ប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់យ៉ាងដូច្នេះថា ត្រូវបានដាក់ឲ្យប្រើនីតិវិធីប្រតិបត្តិស្តង់ដារ សម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល និងគ្មានរោគសញ្ញានៅតាមផ្ទះ ដែលជាឧបសម្ព័ន្ធនៃប្រកាសនេះ ជាជំហានដំបូងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
ក្រសួងបន្តថា ការដាក់ឲ្យដំណើរការការព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល និងគ្មានរោគសញ្ញានៅតាមផ្ទះ សម្រាប់ភូមិសាស្ត្រខេត្តផ្សេងទៀត ត្រូវកំណត់ដោយប្រកាសរបស់ក្រសួងសុខាភិបាល នៅពេលក្រោយ ផ្អែកតាមកម្រិតនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្រ្តនីមួយៗ៕