(ភ្នំពេញ)៖ សាលាឧទ្ធណ៍ភ្នំពេញនឹងប្រកាសសាលដីកា នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ស្អែកនេះ លើសំណុំរឿងឃាតកម្មបាញ់សម្លាប់ថៅកែទឹកសុទ្ធនៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
ពិរុទ្ធជនឈ្មោះ អោម ឆន ហៅ ឆោម ឆន ភេទប្រុស អាយុ៥៨ឆ្នាំ ត្រូវបានតុលាការខេត្តកំពង់ឆ្នាំង ធ្លាប់ចោទប្រកាន់ពីបទ «ឃាតកម្មគិតទុកជាមុន» ក្នុងសំណុំរឿងបាញ់សម្លាប់ថៅកែទឹកសុទ្ធឈ្មោះ ប៊ិន ហឿន ចំនួន០៣គ្រាប់ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ នៅមុខផ្ទះសិប្បកម្មផលិតទឹកសុទ្ធ ភូមិត្រពាំងជ្រៃ ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨។
សវនការនៃសំណុំរឿងនេះដែរ សាលក្រមព្រហ្មទណ្ឌលេខ១០០ “ឃ” របស់សាលាដំបូងខេត្តកំពង់ឆ្នាំង បានសម្រេចសេចក្តីប្រកាសផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។ ប៉ុន្តែពិរុទ្ធជន អោម ឆន ហៅ ឆោម ឆន បានប្តឹងជំទាស់ទៅសាលាឧទ្ធរណ៍ ចំពោះការសម្រេចនេះ។
លោក ប្លង់ សំណាង អ្នកនាំពាក្យសាលាឧទ្ធរណ៍ បានបញ្ជាក់ឲ្យអង្គភាពព័ត៌មាន Fresh News ដឹងថា កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ សាលាឧទ្ធរណ៍ភ្នំពេញ បានលើកយកសំណុំរឿង ឃាតកម្មបាញ់សម្លាប់ថៅកែទឹកសុទ្ធនៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មកបើកសវនាការដោយមានលក្ខណៈជាពិសេស បើទោះបីជាសវនាការស្ថិតក្នុងអំឡុងពេលនេះស្ថានភាពកូវីដ១៩ ពុំទាន់បានធូរស្បើយនៅឡើយក្តី ។
អ្នកនាំពាក្យដដែលបានបញ្ជាក់ថា ក្រោយសវនាការបានបញ្ចប់ សាលាឧទ្ធរណ៍ បានលើកយកការសម្រេច ទៅប្រកាសសាលដីកានៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១។
គួរបញ្ជាក់ផងដែរថា មុននឹងឈានដល់ការសម្រេចសេចក្តីប្រកាសផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតលើពិរុទ្ធជននេះ សាលាដំបូងខេត្តកំពង់ឆ្នាំងនេះ តុលាការបានធ្វើការស៊ើបអង្កេត វិភាគ វិនិច្ឆ័យ គ្រប់ដំណាក់កាលនៃនីតិវិធី ទាំងលើអង្គហេតុ អង្គច្បាប់ សាក្សីដាក់បន្ទុក សាក្សីដោះបន្ទុក និងភស្តុតាង យ៉ាងម៉ត់ចត់គ្រប់ជ្រុងជ្រោយ តាំងពីដំណាក់កាលមន្រ្តីនគរបាលយុត្តិធម៌ ដំណាក់កាលអយ្យការ ដំណាក់កាលចៅក្រមស៊ើបសួរ និងដំណាក់កាលជំនុំជម្រះ។
សំណុំរឿងព្រហ្មទណ្ឌខាងលើនេះគឺជាបទឧក្រិដ្ឋ ហេតុដូច្នេះបានប្រើពេលវេលាថ្លឹងថ្លែងទៅលើសំណុំរឿងនេះយ៉ាងម៉ត់ចត់ សូម្បីតែនៅដំណាក់កាលចៅក្រមស៊ើបសួរកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ ឈ្មោះ អោម ឆន បានស្នើសុំដោះលែងឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន ប៉ុន្តែត្រូវបានសាលាដំបូងខេត្តកំពង់ឆ្នាំងបដិសេធមិនព្រមដោះលែងឱ្យនៅក្រៅឃុំ។
លើសពីនេះសាលាដំបូងខេត្តកំពង់ឆ្នាំងបានចេញដីកាសម្រេចលើកលែងចោទប្រកាន់ ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ និងត្រូវបានតំណាងអយ្យការសាលាដំបូងខេត្តកំពង់ឆ្នាំងប្តឹងឧទ្ធរណ៍លើដីកាសម្រេចលើកលែងការចោទប្រកាន់នេះ ហើយសាលាឧទ្ធរណ៍ភ្នំពេញបានបដិសេធចោលដីកាសម្រេចលើកលែងការចោទប្រកាន់តាមសាលដីកាចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ ដោយបានបញ្ចូនសំណុំរឿងមកសាលាដំបូងខេត្តកំពង់ឆ្នាំង ធ្វើការជំនុំជម្រះ។
សាលក្រមសាលាដំបូងខេត្តកំពង់ឆ្នាំងសម្រេចផ្តន្ទាទោសឈ្មោះ អោម ឆន ហៅ ឆោម ឆន ភេទប្រុស អាយុ៥៨ឆ្នាំ ពីបទឃាតកម្មគិតទុកជាមុនជាប់ពន្ធនាគារអស់មួយជីវិត គឺបានផ្ដល់យុត្តិធម៌ដល់ក្រុមគ្រួសារជនរងគ្រោះ ក្រោយពីពួកគេបានបាត់បង់ឪពុក ប្ដី និងជីតាជាទីស្រលាញ់ ក៏ដូចជាជនរងគ្រោះដែលបានស្លាប់យ៉ាងអាណោចអាធម។ ម្យ៉ាងទៀតសកម្មភាពទាំងនេះបានធ្វើឲ្យប៉ះពាល់ដល់របៀបរៀបរយសណ្ដាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គមថែមទៀតផង។
ក្រុមគ្រួសារ ជនរងគ្រោះសង្ឃឹមថា សាលាឧទ្ធរណ៍ភ្នំពេញ នឹងផ្តល់ភាពយុត្តិធម៌ដល់ក្រុមគ្រួសារជនរងគ្រោះ ដោយផ្តន្ទាទោសពិរុទ្ធជនឈ្មោះ អោម ឆន ហៅ ឆោម ឆន ពីបទឃាតកម្មគិតទុកជាមុន ក្នុងថ្ងៃប្រកាសសាលដីកាលើសំណុំរឿងព្រហ្មទណ្ឌនេះ នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១៕