(ព្រៃវែង)៖ យ៉ាងហោចណាស់មានមនុស្ស ៤នាក់ បានស្លាប់បាត់បង់ជីវិតនៅភូមិយោត ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង បន្ទាប់ពីពួកគេបានផឹកស្រាសភ្លេចបាយភ្លេចទឹក បណ្ដាលឱ្យមានអាការក្អួតចង្អោរ ធ្វើទុក្ខក្នុងខ្លួន ខ្យល់គ រហូតដល់ដាច់ខ្យល់ស្លាប់តែម្ដង។
បើតាមសមត្ថកិច្ចស្រុកពារាំងបានឲ្យដឹងថា ករណីនេះកើតឡើងនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ ខណៈពលរដ្ឋដែលស្លាប់នោះ មានឈ្មោះ៖
ទី១៖ ឈ្មោះ សឺន ផន អាយុ៤៥ឆ្នាំ
ទី២៖ ឈ្មោះ ហាង ណេន អាយុ៤៧ឆ្នាំ
ទី៣៖ ឈ្មោះ ឆន ពៅ អាយុ៥៣ឆ្នាំ
ទី៤៖ ឈ្មោះ ចយ អាយុ៥៣ឆ្នាំ ពុំស្គាល់អត្តសញ្ញាណច្បាស់លាស់ គាត់មករស់នៅសាលាឆទានក្បែរវត្តយោត (មនុស្សវិកលចរិក) ហូបស្រាជាប្រចាំ។
សមត្ថកិច្ចដដែលបានបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានទិញស្រាសផឹកកាលពីយប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ លុះដល់ព្រឹកថ្ងៃទី១៩ ក៏មានអាការមិនស្រួលខ្លួន ធ្វើទុក្ខក្នុងខ្លួន រហូតដាច់ខ្យល់ស្លាប់តែម្ដង។
ទោះបីយ៉ាងណា សមត្ថកិច្ចបញ្ជាក់ថា ការស្លាប់មនុស្ស៤នាក់នេះ គឺមកពីពួកគេផឹកស្រាសជាប្រចាំ មិនសូវទទួលទានអាហារនោះឡើយ ក្នុងនោះមានម្នាក់ជាមនុស្សវិកលចរិត ហើយផឹកស្រាជាប្រចាំ រីឯ២នាក់ទៀតក៏ផឹកស្រាជាប្រចាំដែរ ចំណែកម្នាក់ទៀត មកពីធ្វើការហត់អស់កម្លាំង ហើយផឹកស្រាច្រើន ទើបខ្យល់គស្លាប់តែម្តង។
សូមបញ្ជាក់ថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១នេះ មន្ត្រីជំនាញបានចុះពិនិត្យទីតាំងផលិតស្រាសនៅស្រុកពារាំង ដើម្បីរកសារធាតុដែលធ្វើឲ្យមានមនុស្សស្លាប់ផងដែរ តែលទ្ធផលយ៉ាងណានោះមិនទាន់បានទទួលជាផ្លូវការនោះទេ៕