(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា សហការជាមួយអង្គការ Good Return អូស្ត្រាលី បានដាក់ឱ្យដំណើរការនូវយុទ្ធនាការ «តោះ! និយាយពីលុយ» ក្នុងគោលបំណងជំរុញឱ្យមានការផ្លាស់ប្តូរឥរិយាបថ របស់អតិថិជនចំពោះការប្រើប្រាស់សេវាហិរញ្ញវត្ថុ និងដើម្បីពង្រឹងលទ្ធភាព របស់ប្រជាពលរដ្ឋ ក្រីក្រក្នុងការទទួលបានផលប្រយោជន៍ ផ្នែកសេដ្ឋកិច្ចពីការប្រើប្រាស់សេវាទាំងនោះ។ នេះបើយោតាមសេចក្តីប្រកាសព័ត៌មានរួមរបស់ ធនាគារជាតិនៃកម្ពុជា និងអង្គការ Good Return ទើបចេញផ្សាយនៅថ្ងៃទី១៧ ខែមីនានេះ។
យុទ្ធការនេះ បានដាក់ឲ្យដំណើរការនៅថ្ងៃទី១៦ ខែមីនាម្សិលមិញ ហើយគោលដៅចម្បងរបស់យុទ្ធនាការនេះ គឺសម្រាប់យុវជនដែលមានអាយុចាប់ពី១៥ទៅ៣០ឆ្នាំ នៅតាមទីក្រុង និងជនបទទូទាំងប្រទេសកម្ពុជា។ ខណៈដែលឥណទានអតិថិជន និងផលិតផលហិរញ្ញវត្ថុឌីជីថល កាន់តែមានភាពទូលំទូលាយ នៅក្នុងប្រទេសកម្ពុជា ហានិភ័យក៏កាន់តែខ្ពស់ ដោយយុវវ័យក៏ដូចជាប្រជាពលរដ្ឋក្រីក្រ ដែលជាក្រុមអតិថិជន មានបទពិសោធន៍តិចតួច និងងាយរងគ្រោះដោយសារវិបត្តិសេដ្ឋកិច្ច អាចទទួលរងផលប៉ះពាល់ ពីការជាប់បំណុលវ័ណ្ឌកករ ការជ្រើសរើសផលិតផល និងសេវាហិរញ្ញវត្ថុពុំត្រឹមត្រូវ និងការចាញ់បោកជនឱកាសនិយម ដែលផ្តល់កម្ចីក្រៅផ្លូវការ ដោយអត្រាការប្រាក់ខ្ពស់ហួសហេតុ។
សេចក្តីប្រកាសព័ត៌មានបានបញ្ចាក់ថា យុទ្ធនាការនេះមានរយៈពេល១២ សប្តាហ៍ និងត្រូវបានរៀបចំឡើង ដោយផ្អែកលើប្រធានបទ៤ រួមមាន៖ ការជ្រើសរើស ការប្រើប្រាស់ ការតថ្លៃ និងការប្រាស្រ័យទាក់ទង។ ម៉្យាងទៀត យុទ្ធនាការនេះក៏នឹងបង្ហាញ អំពីសារអប់រំមួយចំនួន នាំមកជាមួយនូវការលើកទឹកចិត្តឱ្យយុវវ័យ និយាយអំពីបញ្ហាលុយកាក់ជាមួយក្រុមគ្រួសារនិងមិត្តភក្កិរបស់ខ្លួន។
ជាមួយគ្នានេះ នៅក្នុងឱកាសសន្និសីទជាតិ ស្តីពីការអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា លោកស្រី នាវ ច័ន្ទថាណា ទេសាភិបាលរង នៃធនាគារជាតិនៃកម្ពុជា បានប្រកាសបើកឱ្យដំណើរការជាផ្លូវការនូវយុទ្ធនាការនេះ ព្រមទាំងបានថ្លែងផងដែរថា «ក្តីសង្ឃឹមយើងគឺថា ជាមួយនឹងចំណេះដឹងដែលយើងកំពុងផ្តល់ យុវជននឹងមានទំនុកចិត្តជាងមុន ក្នុងការសម្រេចចិត្តដ៏វៃឆ្លាត ទាក់ទងទៅនឹងលុយ នាពេល អនាគត។ យើងសង្ឃឹមថាយុទ្ធនាការដ៏សំខាន់មួយនេះ នឹងជាការបោះជំហានមួយទៅរក ការកសាងមួលដ្ឋានដ៏រឹងមាំ សម្រាប់ចំណេះដឹងខាងផ្នែកហិរញ្ញវត្ថុ និងការលើកកម្ពស់សិទ្ធិអ្នក ប្រើប្រាស់នៅកម្ពុជា»។
សារទាំងនេះត្រូវបានបង្កើតឡើង ក្នុងទម្រង់ជាច្រើនប្រភេទ និងត្រូវបានផ្សព្វផ្សាយតាមរយៈ ប្រព័ន្ធអនឡាញ សារ SMS ខិត្តប័ណ្ណ និងប្រព័ន្ធផ្សព្វផ្សាយ ព្រមទាំងមានវីដេអូមួយគឺជាខ្សែ រឿងដ៏គួរឱ្យចាប់អារម្មណ៍ ក្នុងចំណោមវីដេអូទាំង៦ ដែលធនាគាជាតិនៃកម្ពុជាបានសហការ រួមគ្នាបង្កើតជាមួយអង្គការ Good Return អូស្ត្រាលី។
លោក Guy Winship នាយកប្រតិបត្តិនៃអង្គការ Good Return អូស្ត្រាលី បានថ្លែងថា «យើងមានសេចក្តីសោមនស្សរីករាយ ជាអនេក ដែលបានសហការជាមួយធនាគារជាតិ នៃកម្ពុជា និងគាំទ្រការខិតខំប្រឹងប្រែងក្នុងការ ជំរុញឱ្យយុវជនកម្ពុជានិយាយអំពីលុយ ដែលអាចឱ្យពួកគេ ក៏ដូចជាក្រុមគ្រួសារ ធ្វើការ ជ្រើសរើសប្រើប្រាស់ និងទទួលបានអត្ថប្រយោជន៍យ៉ាងមានប្រសិទ្ធភាព»៕
ធនាគារជាតិ នៃកម្ពុជា ផលិតវីដេអូបំផុសស្មារតីពលរដ្ឋខ្មែរ ឲ្យសន្សំប្រាក់ និងគិតគូរចាយវាយឲ្យបានត្រឹមត្រូវ ដោយដាក់ចេញជាពាក្យស្លោកថា «សម្រេចចិត្តរឿងលុយគត់មត់ អនាគតនឹងនរ»។
Posted by Fresh News on Monday, March 14, 2016