(បន្ទាយមានជ័យ)៖ កម្លាំងនគរបាលជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀនចាប់ខ្លួនជនជាតិខ្មែរ៤នាក់ និងរឹបអូសគ្រឿងញៀនជាង១គីឡូក្រាម នៅខេត្តបន្ទាយមានជ័យ។

ការបង្ក្រាបនេះ អនុវត្តតាមបញ្ជា នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

ការបង្ក្រាបករណីជួញដូរគ្រឿងញៀនេះ ធ្វើឡើងនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ២០៖២១នាទី កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៤) ដឹកនាំដោយលោកនាយករង ឃឹង សារ៉ាត់ និងមានការចូលរួមពីស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំសម្របសម្រួលពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានបើកការស៊ើបអង្កេត ស្រាវជ្រាវ ឈានទៅបង្ក្រាបបាននៅចំណុច ផ្ទះសំណាក់ប៉ោយប៉ែតផាស ភូមិក្បាលស្ពាន់២ សង្កាត់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

សម្រាប់លទ្ធផលនៃការបង្ក្រាបនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ០៤នាក់៖
១-ឈ្មោះ ប៉ៅ ហ៊ឹង ហៅ ប៉ាវ ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ។
២-ឈ្មោះ ម៉ៅ ទូច ភេទស្រី អាយុ ៤៩ឆ្នាំ ជនជាតិខ្មែរ។
៣-ឈ្មោះ ម៉ៅង ស្រស់ ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ។
៤-ឈ្មោះ ថោង ផល្លា ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ។

ចំពោះវត្ថុតាងចាប់យករួមមាន៖
១-មេតំហ្វេតាមីន(ICE) ១កញ្ចប់ធំ ទម្ងន់សុទ្ធ ១០៣៤.៩០ក្រាម
២-កញ្ឆាក្រៀម ៤.៩៥ក្រាម
៣- ទូរស័ព្ទ ៣គ្រឿង
៤-ម៉ូតូ ៤គ្រឿង
៥-លុយថៃ ៨៦,៤០០បាត

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ តាមនីតិវិធី ៕