(ព្រះសីហនុ)៖ ប្ដីចិត្តកំណាចហ៊ានលើកដៃបាញ់ប្រហារទៅលើប្រពន្ធរបស់ខ្លួន ក្នុងបំណងសម្លាប់ចោលតែម្ដង ហើយក៏រត់គេចខ្លួនបាត់ ប៉ុន្តែចុងក្រោយក៏ត្រូវកម្លាំងសមត្ថកិច្ចចម្រុះនៅខេត្តព្រះសីហនុ សហការគ្នាតាមចាប់ខ្លួនរហូតដល់បានសម្រេច ខណៈជនរងគ្រោះបានរងរបួសធ្ងន់ ហើយត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យជួយសង្គ្រោះទាន់ពេលវេលា។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់បណ្ដាញសារព័ត៌មាន Fresh News ឱ្យដឹងនាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ នេះថា ហេតុការណ៍នៃការបាញ់ប្រហារនេះកើតឡើងនៅល្ងាចថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចក្រុមទី២៧ ភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយជនសង្ស័យជាប្តីបានប្រើអាវុធខ្លីបាញ់ទៅលើជនរងគ្រោះជាប្រពន្ធ ចំទ្រូងខាងឆ្វេងមួយគ្រាប់ បណ្តាលឲ្យរងរបួសធ្ងន់ រីឯជនសង្ស័យក៏បានរត់គេចខ្លួនបាត់។
នៅពេលទទួលព័ត៌មានពីប្រជាពលរដ្ឋអំពីករណីនេះហើយ លោកឧត្តមសេនីយ៍ស្នងការ ជួន ណារិន្ទ បានបញ្ជាឱ្យកម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអន្តរាគមន៍ពិសេស កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងកម្លាំងប៉ុស្តិ៍នគរសង្កាត់លេខ៤ ចុះទៅត្រួតពិនិត្យកន្លែងកើតហេតុ។
ក្នុងប្រតិបត្តិការនេះដែរ កម្លាំងសមត្ថកិច្ចចម្រុះបានហ៊ុមព័ទ្ធបរិវេណគុម្ពព្រៃម្តុំក្រោយផ្ទះជនរងគ្រោះ ដែលជនសង្ស័យសម្ងំលាក់ខ្លួន។ រហូតដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១១៖៣០នាទី ទើបសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាននៅចំណុចអគារក្នុងព្រៃមួយកន្លែងក្បែរផ្ទះជនរងគ្រោះ និងបន្តស្វែងរកអាវុធដែលជនសង្ស័យបានបោះចោលក្រោយពេលធ្វើសកម្មភាពរួច ទើបរកឃើញនៅចំណុចគុម្ពព្រៃម្តុំក្រោយផ្ទះជនរងគ្រោះដែរ ក្នុងនោះរួមមាន៖ កាំភ្លើងខ្លី ១ដើម ម៉ាក K54 ពណ៌ខ្មៅ ឈូសលេខបង់ ១ និង ៦គ្រាប់។
បន្ទាប់ពីនោះ កម្លាំងសមត្ថកិច្ចបាននាំជនសង្ស័យ និងវត្ថុតាងមកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបន្តថា ជនរងគ្រោះឈ្មោះ ផង់ សុភាព អាយុ២៤ឆ្នាំ មានទីលំនៅក្រុមទី២៧ ភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ បច្ចុប្បន្នកំពុងសម្រាកព្យាលនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ។ រីឯជនសង្ស័យឈ្មោះ ជា សុវណ្ណារ៉ា អាយុ៣១ឆ្នាំ មានទីលំនៅជាមួយជនរងគ្រោះ៕