(មណ្ឌលគិរី)៖ ប្រភពព័ត៌មានច្បាស់ពីប្រជាពលរដ្ឋនៅខេត្តមណ្ឌលគិរី បានអះអាងថា ដើមស្រល់ដែលគេដាំមានទំហំធំៗនៅក្នុងស្រុកអូររាំង ក្បែរដីគម្រោងសាងសង់ព្រលានយន្តហោះថ្មីត្រូវគេកាប់គាស់ និងឈូសឆាយបំផ្លាញចោលយ៉ាងអនាធិបតេយ្យដោយគ្មានឃើញមន្ត្រីណាចុះទៅត្រួតពិនិត្យអ្វីឡើយ។
ប្រជាពលរដ្ឋដឹងពីសកម្មភាពខាងលើបានបន្តអះអាងថា អ្នកដែលធ្វើសកម្មភាពកាប់គាស់ និងឈូសបំផ្លាញដើមស្រល់ដែលគេដាំមានអាយុកាលជាយូរឆ្នាំ ដើមមានទំហំធំៗខាងលើនេះ គឺជាមន្ត្រីជំនាញរដ្ឋបាលព្រៃឈើនៅក្នុងខេត្តតែម្ដង ព្រោះគេស្គាល់មុខមន្ត្រីមេព្រៃមួយចំនួនបានចុះទៅធ្វើសកម្មភាពដោយប្រើរថយន្តខ្នាតធំៗ និងគ្រឿងចក្រ រថយន្តស្ទូចចុះទៅកាប់អារ ជ្រៀកហើយស្ទូចដឹកចេញ សូម្បីតែគល់ឈើក៏ឈូសឆាយរំលើងចោលដែរ។
អ្វីដែលគេមានការភ្ញាក់ផ្អើលនោះ គឺកន្លងមកគេធ្លាប់តែឃើញមន្ត្រីរដ្ឋបាលព្រៃឈើខេត្ត និងខាងក្រុមហ៊ុនដាំដើមស្រល់ដើរណែនាំ ហាមឃាត់ប្រជាពលរដ្ឋមិនឲ្យកាប់គាស់ ដើមស្រល់ ឬរុករានរំលោភបំពានយកដីចំការស្រល់ តែលើកនេះបែរជាមន្ត្រីមេព្រៃខ្លួនឯងទៅកាប់គាស់ ឈីសឆាយដីចំការស្រល់ទៅវិញ មិនដឹងពួកគេមានបំណងកាប់ យកឈស្រល់ធំៗទាំងអស់នោះឬក៏ពួកគេឈូសឆាយយកដីចំការស្រល់នោះទៅធ្វើកម្មសិទ្ធិ ឬធ្វើអ្វីផ្សេងនោះទេ។
ប្រជាពលរដ្ឋដែលមើលឃើញសកម្មភាពកាប់គាស់ ឈូសឆាយដីចំការស្រល់ខាងលើ សំណូមពរសុំឲ្យលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ជួយចុះត្រួតពិនិត្យមើលផង ថាតើសកម្មភាពរបស់មន្ត្រីរដ្ឋបាលព្រៃឈើខាងលើនេះជារឿងស្របច្បាប់ ឬក៏ជាសកម្មភាពអាងខ្លួនមានសិទ្ធិអនុវត្តច្បាប់ ធ្វើអ្វីៗស្រេចតែអំពើចិត្ត៕