(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់អំពីការរកឃើញ និងបង្ហាញអត្ដសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន ៤៥នាក់បន្ថែមទៀត និងជាសះស្បើយចំនួន ៨៧នាក់ នៅថ្ងៃទី១៩ ខែមិថុនា ម្សិលមិញ ខណៈក្នុងថ្ងៃជាមួយគ្នានោះ ក៏មានករណីស្លាបដោយសារជំងឺកូវីដម្នាក់ទៀតផងដែរ។
អ្នកដែលទើបរកឃើញវិជ្ជមានជំងឺកូវីដ១៩ ទាំង៤៥នាក់នេះ មាននៅស្រុកកោះសូទិន ៦នាក់, ស្រុកកងមាស ២នាក់, ស្រុកស្ទឹងត្រង់ ១នាក់, ក្រុងកំពង់ចាម ១នាក់, ស្រុកបាធាយ ១នាក់, ស្រុកព្រៃឈរ ៨នាក់, ស្រុកជើងព្រៃ ២១នាក់, ស្រុកស្រីសន្ធរ ៣នាក់ និងមកពីខេត្តត្បូងឃ្មុំ ២នាក់។
ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ចាមក៏បានប្រកាសពីការស្លាប់របស់បុរសម្នាក់ផងដែរ ដោយសារជំងឺកូវីដ១៩ ឈ្មោះ គង់ សត្ថារ័ត្ន អាយុ ៣៨ឆ្នាំ រស់នៅភូមិទី៥ សង្កាត់វាលវង់ ក្រុងកំពង់ចាម។
រដ្ឋបាលខេត្តកំពង់ចាមបានអំពាវនាវដល់អ្នកពាក់ព័ន្ធ និងធ្លាប់ប្រាស្រ័យទំនាក់ទំនងនឹងអ្នកជំងឺកូវីដ សូមទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬតាមរយៈលេខទូរស័ព្ទ 070 828 788 / 012 736 755។
បន្ថែមពីនេះ រដ្ឋបាលខេត្តកំពង់ចាមក៏នៅតែអំពាវនាវបន្ដទៀតដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្ដអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ និង៣កុំ» និងត្រូវកែប្រែទម្លាប់នៃការរស់នៅ សម្របតាមបរិបទនៃជំងឺកូវីដ១៩ ដោយត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុមគ្រួសារ និងសហគមន៍ជៀសផុតពីជំងឺមហាប្រល័យនេះ៕