(ព្រះវិហារ)៖ លោក អ៊ុក គឹមសាន ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ បានផ្តាំផ្ញើដល់យុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារទាំងអស់ ត្រូវគោរពឱ្យបានទៀងទាត់តាមវិធានការរបស់ក្រសួងសុខាភិបាល និងអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន «៣កុំ និង៣ការពារ» ដើម្បីការពារខ្លួ ក្រុមគ្រួសារនិងសហគមនពីជំងឺកូវីដ-១៩។
ការថ្លែងអំពាវនាវបែបនេះរបស់លោក អ៊ុក គឹមសាន ក្នុងឱកាសដែលលោកដឹកនាំកិច្ចប្រជុំស្តីពីការបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅផែនការសកម្មភាព ឆមាសទី២ ឆ្នាំ២០២១ របស់ក្រុមការងារយុវជនគណបក្សខេត្តព្រះវិហារ នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១នេះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក-សមាជិកានៃយុវជនគណបក្សខេត្ត ព្រមទាំងសមាជិក-សមាជិកាក្រុមជំនួយការផងដែរ។
នៅក្នុងកិច្ចប្រជុំនេះដែរ លោក អ៊ុក គឹមសាន បានផ្តោតជាសំខាន់លើ ៥ចំណុច៖
* បាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅផែនការសកម្មភាពការងារឆមាសទី២ ឆ្នាំ២០២១។
* សេចក្តីសម្រេចស្តីពីការរៀបចំផែនការតាមផែននីមួយៗ និងរបាយការណ៍។
* ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។
* ផ្សព្វផ្សាយពីតួនាទី ភារកិច្ច សិទ្ធិ រចនាសម្ពន្ធ និងរបៀបរបបធ្វើការរបស់អង្គការចាត់តាំងយុវជនគណបក្សប្រជាជកកម្ពុជា។
* ការចូលរួមមតិយោបល់របស់ក្រុង ស្រុកទាំង ៨ និងផែនទាំង ១១ នៃយុវជនគណបក្សខេត្តព្រះវិហារ។
ជាមួយគ្នានេះ លោកបានផ្តល់អនុសាសន៍មួយចំនួនឱ្យរៀបចំផែនការយុទ្ធសាស្ត្រ ព្រមទាំងកសាងកម្លាំងបង្កើតទំនាក់ទំនងល្អក្នុងសង្គម ក្នុងនាមជាយុវជនគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមបម្រើការងារជាប្រយោជន៍ដល់ប្រទេសជាតិទាំងមូល និងគណបក្ស៕