(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃនេះ បានទម្លាយថា រូបភាពរបស់តួឯកប្រុសស្រីក្នុងសំឡេងខ្សែអាត់ ដែលបែកធ្លាយតាមប្រព័ន្ធផ្សព្វផ្សាយ និង Facebook កន្លងទៅ ត្រូវបានព្រលានយន្តហោះ និងសណ្ឋាគារនៅក្រុងបាងកក ប្រទេសថៃ ថតទុករួចស្រេចហើយ បើទោះបីជាសាមីខ្លួនមានម្នាក់ «មិនឆ្លើយ មិនឆ្លង មិនឈ្លោះ» និងម្នាក់ទៀតចេញមុខប្រកែកក៏ដោយ។
នៅក្នុងពិធីចែក សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យន័រតុន នៅកោះពេជ្រ នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានចំអកថា យុទ្ធសាស្រ្ត «មិន៣» (មិនឆ្លើយ មិនឆ្លង មិនឈ្លោះ) នៅក្នុងការទប់ស្កាត់រឿងអាស្រូវនេះ គ្មានប្រសិទ្ធភាពទៀតទេ នៅពេលដែលមហាជនកាន់តែចាប់អារម្មណ៍ឡើង ហើយសាមីខ្លួនម្នាក់បានចេញមុខប្រកែក។
សម្តេចបានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំគ្រាន់តែរំលឹកទេ “៣មិន១រាយការណ៍” អនុវត្តបានតែក្នុងទស្សវត្ស៨០ប្រឆាំងខ្មែរក្រហមប៉ុណ្ណោះ ប៉ុន្តែ “៣មិន” (មិនឆ្លើយ មិនឆ្លង មិនឈ្លោះ) លើបញ្ហាអាស្រូវផ្លូវភេទ មិនអាចលាក់បាំងកើតទេ គ្រាន់តែផ្តាំ ! ហើយសុំឱ្យអ្នកដទៃទៀតកុំច្រលើសបើស តែប៉ុណ្ណឹងទេ»។
កាលពីចុងខែកុម្ភៈ និងដើមខែមីនា បន្ទាប់ពីបែកធ្លាយសំឡងខ្សែអាត់សាសងរឿងស្នេហា និងជួនកាលឈានដល់ការនិយាយក្លែម សម្តីអំពីរឿងលើគ្រែដ៏ស្រើបស្រាល ដែលគេសង្ស័យលើលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ និងនារីវ័យក្មេងម្នាក់ឈ្មោះ “ស្រីមុំ”, មេដឹកនាំគណបក្សប្រឆាំងរូបនេះ បានប្រកាសឱ្យបន្តគោលការណ៍ «មិនឆ្លើយ មិនឆ្លង មិនឈ្លោះ» ដែលទំនងជាចង់ទប់ទល់ទៅនឹង ការធ្លាយរឿងអាស្រូវមួយនេះ។
ទោះជាយ៉ាងនេះក្តី កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦ កញ្ញា ខុម ចាន់ដារ៉ាទី ហៅស្រីមុំ ដែលមានទំនាក់ទំនងជាមួយលោក កឹម សុខា ហើយរងនូវរឿងអាស្រូវស្នេហានេះ បានចូលបំភ្លឺដល់ សមត្ថកិច្ចនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន របស់ក្រសួងមហាផ្ទៃ។ ខុម ចាន់ដារ៉ាទី ហៅស្រីមុំ ដែលមានសំឡេងដូចគ្នាទៅនឹងសំឡេងក្នុងខ្សែអាត់ បានបដិសេធថា សំឡេងនោះមិនមែនជាសំឡេងរបស់នាងទេ ហើយថារវាងនាង និង លោក កឹម សុខា គ្រាន់តែមានទំនាក់ទំនងធម្មតា ពេលលោក កឹម សុខា ទៅកាត់សក់នៅហាងរបស់នាងបម្រើការប៉ុណ្ណោះ ដែលមិនមែនជាស្នេហា ឬឈានដល់ការរួមរ័ក្សនោះទេ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលទំនងជាកំពុងតាមដាននូវរឿងអាស្រូវរបស់អ្នកនយោបាយនេះ បានចាត់ទុកថា ការមិនបកស្រាយរបស់ លោក កឹម សុខា និងការបដិសេធរបស់ ខុម ចាន់ដារ៉ាទី ហៅស្រីមុំ គឺកំពុងតែបំភ័ន្តដល់សាធារណជន។
សម្តេចបានថ្លែងទៀតថា «បោកគេ បោកឯង សម័យនេះវាហួសហើយ សូម្បីតែព្រលានយន្តហោះបាងកក និងព្រលានយន្តហោះភ្នំពេញគេថតមនុស្សទុកតើ ចេញចូលគេថតមនុស្សទុក សណ្ឋាគារមួយគេមានប្រដាប់ថតរបស់គេតើ រើម៉េចរួច»។
សម្តេចបានបន្ថែមថា «ទៅឆ្លើយថា “ទេ ! ខ្ញុំមិនដែលមានប៉ាស្ព័រទេ” ចំណែកខាងប៉ាស្ព័រគេឆ្លើយថា “ទេ ! អ្នកឯងធ្វើតើ !” និយាយថា “ខ្ញុំអត់ដែលជិះយន្តហោះ” ហ្អាក! Bangkok Airways មានសំបុត្រយន្តហោះអ្នកជិះ ហើយនៅព្រលានយន្តហោះមានថតរូបអ្នកទុកតើ នៅព្រលានយន្តហោះបាងកកមានទុក(រូប) នៅសណ្ឋាគារបាងកកមានទុក(រូប) ចប់បាត់ហើយ តើមានស្អីទៀត»។
គិតរហូតមកដល់ពេលនេះ ខ្សែអាត់សំឡេងសាសងស្នេហាដែលជាជឿថា របស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ នៅតែបន្តបែកធ្លាយជាបន្តបន្ទាប់ នៅលើប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គម Facebook ជាពិសេស Facebook ដែលមានឈ្មោះថា «រឿងពិត CNRP» ។ ចំណែក លោក កឹម សុខា នៅតែមិនទាន់ចេញមុខបកស្រាយថារឿងនេះយ៉ាងណានោះទេ បើទោះបីជាសាធារណជន និងក្រុមនិស្សិតមួយចំនួន ទាមទារឱ្យមានការបកស្រាយឱ្យបានច្បាស់លាស់យ៉ាងណាក៏ដោយ។
សំឡេងខ្សែអាត់មួយដែលគេជឿថាជារបស់លោក កឹម សុខា និងស្រីមុំ ដែលបានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែកុម្ភៈ បាននិយាយអំពីរឿងរ៉ាវរបស់ កញ្ញា ធី សុវណ្ណថា ដែលជាអតីតអ្នកគាំទ្រគណបក្សសង្រ្គោះជាតិ។ ទីបំផុត កញ្ញា ធី សុវណ្ណថា ដែលទើបនឹងចាកចេញពីគណបក្សសង្រ្គោះជាតិ បានសម្រេចដាក់ពាក្យលើសំឡេងខ្សែអាត់នេះ ដើម្បីទាមទារនូវការប៉ះប៉ូវកិត្តិយរបស់នាងផងដែរ៕
សូមស្តាប់ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន៖
សម្តេចតេជោ ហ៊ុន សែន៖ «៣ មិន លើអាស្រូវផ្លូវភេទមិនអាចលាក់បាំង អ្...សម្តេចតេជោ ហ៊ុន សែន៖ «៣ មិន លើអាស្រូវផ្លូវភេទមិនអាចលាក់បាំង អ្នកដទៃកុំច្រលើសបើស»
Posted by Fresh News on Wednesday, March 16, 2016