(កោះកុង)៖ ប្រជាពលរដ្ឋក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ចាប់ផ្ដើមទទួលបានការចាក់វ៉ាកសាំងការពារជំងឺកូវីដ-១៩ បណ្ដើរៗហើយ ក្រោមការរៀបចំរបស់មន្ទីរសុខាភិបាលខេត្តកោះកុង ដើម្បីចូលរួមប្រយុទ្ធប្រឆាំងការទប់ស្កាត់ជំងឺដ៏កាចសាហាវនេះ។

ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនេះ ធ្វើឡើងរយៈពេល ៣ថ្ងៃ គិតចាប់ពីថ្ងៃទី២០-២២ ខែមិថុនា ឆ្នាំ២០២១។ រីឯទីតាំងចាក់វ៉ាក់សាំងមានចំនួន ២ទីតាំង៖ ទីតាំងទី១ នៅស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង និងទីតាំងទី២ នៅភោជនីដ្ឋាន ស៊ូ នឹង ស្ថិតក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង បានឲ្យដឹងថា ការបើកយុទ្ធនាការចាក់វ៉ាក់សាំការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋពលរដ្ឋជាលើកដំបូង ក្រោយពីបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ដែលប្រឈមជាងគេមួយរយៈកន្លងមកហើយ។

លោកបានបញ្ជាក់ថា ការចាក់ថ្នាំវ៉ាក់សាំងការពារកូវីដ១៩ គឺក្រុមលោកគ្រូពេទ្យចាក់វ៉ាក់សាំងបានគ្រប់ៗគ្នាទាំងអស់ ទាំងជនជាតិបទេសក៏ចាក់ជូនពួកគេដែរ ដោយមិនរើសអើងពូជសាសន៍ឡើយ។

លោកវេជ្ជបណ្ឌិតបានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មូលដ្ឋានទាំងអស់ទោះ បីចាក់ថ្នាំវ៉ាក់សាំងការពារកូវីដ១៩ រួចរាល់ហើយ ក៏ត្រូវអនុវត្តន៍នូវវិធានការ ៣ការពារ ៣កុំ ឲ្យបានខ្ជាប់ខ្ជួនដែរ៕