(ស្ទឹងត្រែង)៖ លោក ខាន់ ខុន ទីប្រឹក្សាក្រសួងធម្មការ និងសាសនា និងជានាយកសមាគមបេសកកម្មដំណឹងល្អ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១នេះ បានប្រគល់អណ្តូងទឹក ១០កន្លែង ដល់ពលរដ្ឋនៅស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដើម្បីសម្រួលដល់សេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ឃុំទទួលបានអណ្តូង មានឃុំអន្លង់ជ្រៃចំនួន ៥អណ្តូង ឃុំស្រែឫស្សីចំនួន ៣អណ្តូង និងឃុំថាឡាបរិវ៉ាត់ចំនួន ២អណ្តូង។
លោក ខាន់ ខុន បានលើកឡើងថា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពគ្រួសារដល់ប្រជាពលរដ្ឋក្នុងពេលរីករាដាលជំងឺកូវីដ-១៩ អណ្តូងទាំង១០នេះ គឺជាការឧបត្ថម្ភគាំទ្រពីសមាគមបេសកកម្មដំណឹងល្អរួមជាមួយក្រុមហ៊ុន (ប៊ីម៉ារៀលអ៊ីស្តេត) Bema Real Estate co.Ltd និងការរួមសហការរបស់គ្រិស្តបរិស័ទក្នុងប្រទេស និងក្រៅប្រទេស បានបរិច្ចាគចូលរួមជាការអធិដ្ឋាន និងចូលជាថវិកា តាមរយៈលោកផ្ទាល់ក្នុងការចុះជួយដល់ប្រជាជនក្នុងប្រទេសកម្ពុជាទៅតាមលទ្ធភាពដែលមាន ចូលរួមជួយដល់រាជរដ្ឋាភិបាល។
លោកបានបន្តអំពានាវដល់ពលរដ្ឋទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អដោយអនុវត្តការរស់នៅស្អាត ហូបស្អាត កុំបន្ទោរបង់ពាសវាលពាសកាល ត្រូវសម្រាន្តក្នុងមុង ដើម្បីការពារពីជំងឺគ្រុនចាញ់ ឬគ្រុនឈាម និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីការពារសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃកាត់បន្ថយការស្លាប់ ពិការភាព និងជួយអប់រំណែនាំដល់កូនចៅឱ្យរស់ឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនវាបំផ្លាញអនាគតរបស់ក្រុមគ្រួសារ និងសង្គមជាតិ។
ទន្ទឹមនឹងនេះ លោកបានណែនាំដល់អ្នកចូលរួមទាំងអស់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ដោយចូលរួមរួមអនុវត្តវិធានការការពារ និងកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ដោយអនុវត្តឱ្យបានត្រឹមត្រូវ តាមសារអប់រំនានារបស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងជំងឺដ៏កាចសាហាវនេះ តាមរយៈការលាងដៃឱ្យបានញឹកញាប់ និងជាប្រចាំជាមួយសាប៊ូ ត្រូវទម្លាប់ហូបទឹកក្តៅរាល់ថ្ងៃ ដោយយកចិត្តទុកដាក់រក្សាសុខភាពអនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួនឱ្យបានជាប្រចាំ បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ ត្រូវពាក់ម៉ាស ឬក្រមាពេលចេញក្រៅផ្ទះជាដើម។
ជាមួយគ្នានេះដែរ អាជ្ញាធរដែនដីរួមជាមួយប្រជាពលរដ្ឋបានថ្លែងអំណរគុណដល់លោក ខាន់ ខុន ក្រុមហ៊ុនប៊ីម៉ារៀលអ៊ីស្ទេត និងគ្រិស្តបរិស័ទក្នុងប្រទេសនិងក្រៅប្រទេស ដែលជួយបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ៕