(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប នាថ្ងៃទី១៩ ខែមិថុនា បានបន្តរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន ១៣នាក់ទៀត ខណៈអ្នកជំងឺចំនួន២០នាក់ បានព្យាបាលជាសះស្បើយ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលសៀមរាប បានបញ្ជាក់ថា ក្នុងចំណោមអ្នកវិជ្ជមានថ្មីទាំង១៣នាក់នេះ ករណីទី១ ដល់ទី៣ ជាករណីពាក់ព័ន្ធនឹងការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ដែលមានប្រភពដើមមកពីស្រុកជីក្រែង។

ករណីទី៤ ដល់ទី៧ គឺជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយ។

ចំពោះករណីទី៨ ដល់ទី១៣ គឺជាប្រជាពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃ មកដល់ខេត្តសៀមរាប ហើយជាករណីសង្ស័យ ត្រូវបានក្រុមគ្រូពេទ្យដាក់ឱ្យធ្វើចត្តាឡីស័ក នៅវិទ្យាល័យសម្ដេចឪ។

សម្រាប់អ្នកជាសះស្បើយទាំង២០នាក់ខាងលើ ក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈ-ពេល១៤ថ្ងៃ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៩ ខែមិថុនា ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៥៧៦នាក់។ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន១៦៦នាក់ ស្លាប់៥នាក់ និង៤០៥នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត និងវិទ្យាល័យដំដែក៕