(បាត់ដំបង)៖ យុវជនម្នាក់ដោយសារតែខឹងសុំលុយឪពុក ឲ្យមិនគ្រប់ចំនួន ដែលខ្លួនចង់បាននោះ ក៏សម្រេចចិត្តយកខ្សែនីឡុងចងក និងធ្នឹមផ្ទះ រហូតដល់ស្លាប់ក្នុងបន្ទប់ដេក នៅវេលាម៉ោង១១៖២០នាទីយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦ នៅចំណុចក្រុមទី៩ ភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។
តាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា យុវជនរងគ្រោះ ដោយសារតែខឹងសុំលុយឪពុក១.០០០បាត តែឪពុកឲ្យតែ៦០០បាត មិនឲ្យគ្រប់ចំនួន ដែលខ្លួនចង់បាន ក៏សម្រេចចិត្តយកខ្សែនីឡុងចងក និងធ្នឹមផ្ទះ.សម្លាប់ខ្លួនក្នុងបន្ទប់ដេក ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង។
បន្ទាប់ពីមានការផ្អើលឆោឡោហើយ សមត្ថកិច្ចបានចុះទៅពិនិត្យកន្លែងកើតហេតុពិនិត្យមើល និងធ្វើកោសលវិច័យបានសន្និដ្ឋានថា ជនរងគ្រោះពិតជាបានស្លាប់ ដោយសារធ្វើអត្តឃាតខ្លួនឯង ពិតប្រាកដមែន។ សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ មៀច ផល្លា ភេទប្រុសអាយុ១៦ឆ្នាំ រស់នៅភូមិខាងលើ។
បច្ចុប្បន្នសមត្ថកិច្ចបានប្រគល់សពជនរងគ្រោះ ទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕