(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា បានលើកទឹកចិត្តដល់ព្រះសង្ឃ ពុទ្ធបរិស័ទចំណុះជើងវត្តទាំងឡាយ រួបរួមសាមគ្គីគ្នារៀបចំកែលម្អទីវត្តអារាមរបស់ខ្លួន ឱ្យក្លាយជាគោលដៅទេសចរណ៍គួរជាទីទាក់ទាញ។ ការថ្លែងបែនេះធ្វើឡើក្នុងពិធីដាំកូនឈើប្រណិតជិត ២០០ដើម នៅក្នុងវត្តក្តីចារ្តិ៍ ស្ថិតក្នុងភូមិទាមចាស់ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១២១។
លោកស្រី ឃួន ឃុនឌី បានលើកឡើងថា ក្នុងការរៀបចំទីវត្តអារាមនេះទៀតសោត ក៏គួរតែដាំដើមឈើឱ្យបានច្រើន ដើម្បីបង្កើនសោភ័ណភាពជុំវិញនោះ។
លោកស្រីបានបន្តថា ព្រៃឈើ គឺជាធនធម្មជាតិដ៏សំខាន់សម្រាប់ប្រទេស ដូច្នេះប្រជាពលរដ្ឋត្រូវនាំគ្នាបំផុសស្មារតីស្រឡាញ់ព្រៃឈើ ចូលរួមដាំដុះ និងការពារព្រៃឈើ ក៏ដូចជាជួយជំរុញផលប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងជីវភាពរស់នៅ ការបង្កបង្កើនផលកសិកម្ម និងបង្កើនសុខមាលភាពគ្រួសារ ព្រមទាំងជួយលើកស្ទួយបរិស្ថានសង្គមទៀតផង។
សមាជិកព្រឹទ្ធសភារូបនេះបានបន្តទៀតថា ការដាំដើមឈើ គឺជាការឆ្លុះញ្ចាំងឲ្យឃើញនូវការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាល ក្នុងការចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីគ្រប់គ្រងអភិរក្សធនធានព្រៃឈើ ធនធានធម្មជាតិជីវចម្រុះ ដើម្បីជួយថែរក្សាដំណើរការប្រព័ន្ធអេកូឡូស៊ី កាត់បន្ថយឥទ្ធិពលអវិជ្ជមាននៃការប្រែប្រួលអាកាសធាតុ កាត់បន្ថយគ្រោះធម្មជាតិនានា និងការស្រូបយកឧស្ម័នកាបូនិកពីបរិយាកាស។ ដើម្បីរក្សាបាននូវលំនឹងបរិស្ថានធម្មជាតិ និងភោគសម្បត្ដិឲ្យកាន់តែមានសម្រស់ស្រស់បំព្រង សម្រាប់សង្គមជាតិទាំងមូល ពលរដ្ឋត្រូវចូលរួមដាំដើមឈើតាមដងផ្លូវសាធារណៈ តាមទីវត្តអារាម សាលារៀន។
លោកស្រី ឃួន ឃុនឌី ក៏បានអំពាវនាវឲ្យប្រជាពុទ្ធបរិស័ទទាំងអស់ ពិសេសយុវវ័យចូលរួមគោរពច្បាប់ចរាចរណ៍ ជៀសឆ្ងាយពីគ្រឿងញៀន និងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវគោលការណ៍រក្សាអនាម័យឲ្យបានល្អ រួមជាមួយនឹងវិធានការនានាដែលបានកំណត់របស់ក្រសួងសុខាភិបាល ដោយត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ខណៈពេលដែលពិភពលោកកំពុងប្រឈមមុខនឹងការរាត្បាតយ៉ាងខ្លាំងដោយសារជំងឺដ៏កាចសាហាវមួយនេះ ពិសេសត្រូវអនុវត្តនូវវិធានការ ៣កុំ និង ៣ការពារ។
លោកស្រីបានប្រគល់នូវសំលៀកបំពាក់ដល់ប្រជាការពារចំនួន ៣៩ឈុត វិទ្យុទាក់ទងចំនួន ៦គ្រឿង ម៉ាស ៣៩ប្រអប់ ក្រមា ១ ថវិកា ២ម៉ឺនរៀល និងបានចូលរួមបច្ច័យកសាងមួយចំនួនផងដែរ៕