(រតនគីរី)៖ រដ្ឋបាលខេត្តរតនគីរី នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹង បង្ហាញអត្ដសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន១០៤នាក់បន្ថែមទៀត ដែលទើបរកឃើញ និងជាករណីផ្ទុះក្នុងសហគមន៍ទ្រង់ទ្រាយធំជាលើកដំបូងក្នុងខេត្ត។
តាមរយៈលទ្ធផលខាងលើនេះបង្ហាញថា ជំងឺកូវីដ១៩ បាននឹងកំពុងមានវត្តមានផ្ទុះរាលដាលដល់សហគមន៍ក្នុងទ្រង់ទ្រាយធំនៅក្នុងភូមិសាស្រ្តខេត្ត និងអាចបន្តឆ្លងរាលដាលជាបន្តបន្ទាប់ទៀត ដែលបង្កជាហានិភ័យដល់សុខភាពសាធារណៈរបស់បងប្អូនប្រជាពលរដ្ឋក្នុងខេត្ត។
រដ្ឋបាលខេត្តរតនគីរី អំពាវនាវដល់អ្នកពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ១៩ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព ក្នុងករណីមានអាការខុសប្រក្រតី ត្រូវផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាក។