(ភ្នំពេញ)៖ សម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបង្ហើបថា រដ្ឋមន្រ្តីចំនួន ៨ក្រសួងត្រូវផ្លាស់ប្តូរ ដែលក្នុងនោះមានអ្នកប្តូរចេញ និងអ្នកប្តូរពីក្រសួងចាស់ទៅក្រសួងថ្មី ហើយការកែសម្រួលគណៈរដ្ឋមន្រ្តីនេះ នឹងធ្វើឡើងនៅថ្ងៃទី០៤ ខែមេសាខាងមុខនេះ គឺដើម្បីប្រសិទ្ធិភាពការងារ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការកែសម្រួលគណៈរដ្ឋមន្រ្តីនៅពេលនេះ គឺមិនមែនមានរដ្ឋមន្រ្តីអាក្រក់ទាំងអស់ទេ ប៉ុន្តែមានរដ្ឋមន្រ្តីស្ទក់ស្រពន់មួយចំនួនដែលត្រូវផ្លាស់ប្តូរសម្រួល ដើម្បីឲ្យការងារប្រទេសជាតិកាន់តែមានប្រសិទ្ឋិភាពខ្ពស់។
ការប្រកាសរបស់សម្តេចតេជោ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦នេះ ក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញដល់ នឹងធ្វើជាអធិបតីភាព ក្នុងពិធីចែកសញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដល់និស្សិតសាកលវិទ្យាល័យ ន័រតុន នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ៕