(ភ្នំពេញ)៖ បន្ទាប់ពីអាជ្ញាធររាជធានីភ្នំពេញ សម្រេចឲ្យបើកដំណើរការគ្រប់អាជីវកម្ម-ការលក់ដូរ ជាប្រក្រតីឡើងវិញ ក្នុងក្របខណ្ឌផ្សាររដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ ក្រោយពីបានបិទខ្ទប់មិនឱ្យដំណើរការ ចាប់តាំងពីអំឡុងខែមេសា ឆ្នាំ២០២១ កន្លងមក និងបានបើកឡើងវិញ កាលពីថ្ងៃ១៥ មិថុនានេះតទៅ, នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១នេះ មានជីវករនៅផ្សារចាក់អង្រែប្រមាណ៧០ភាគរយហើយ ដែលបានចូលមកលក់ដូរវិញ ប៉ុន្តែចំពោះអាជីវករដែលលក់គ្រឿងហូបចុក បន្លែ ត្រីសាច់ បានមកលក់ពេញ ១០០ភាគរយ។

ការបើកឱ្យដំណើរការឡើងវិញ នៅព្រឹកថ្ងៃ១៥ មិថុនានេះ ឃើញថា នៅតាមបណ្តាលផ្សាររដ្ឋនានានៅក្នុងរាជធានី បានដំណើរការជាធម្មតា ជាមួយនិងការអនុវត្តនូវវិធានរបស់ក្រសួងសុខាភិបាល និងការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ដោយបានអនុវត្តវិធានការសុវត្ថិភាព ពាក់ម៉ាស, ការរក្សាគម្លាតសុវត្ថិភាព, ការធ្វើអនាម័យសម្លាប់មេរោគ, ការវាស់កម្ដៅ, ការស្កេន QR Code ជាដើម ដើម្បីទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩។

លោក គាត តូ ប្រធានគណៈកម្មការចាក់អង្រែ បានឱ្យដឹងថា ការបើកលក់នៅផ្សារចាក់អង្រែនេះ បានគោរពតាមវិធានសុខាភិបាល និងការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ។ ច្រកចេញ ចូលផ្សារចំនួន៥ ត្រូវបានបើក ដោយនៅតាមច្រកចេញចូលលោក បានចាត់ចែងឱ្យមានកម្លាំងសន្តិសុខជួយសម្រួល ដោយការបាញ់កម្តៅ លាងអាល់កុល និងធ្វើការស្កេន QR កូដ ផងដែរ មុននឹងអនុញ្ញាតិឱ្យអាជីវករចូលទិញលក់នៅក្នុងផ្សារ។ ចំណែកអាជីវករបានពាក់ម៉ាស់គ្រប់គ្នា ជាមួយការដាក់ដបអាកុលសំរាប់ភ្ញៀវ បានបាញ់សម្លាប់មេរោគនៅគ្រប់តូបផងដែរ។

លោក គាត តូ បន្តថា ចាប់តាំងពីថ្ងៃទី១៥ មិថុនាមកនេះ មានអាជីវករមកលក់ដូរបានប្រមាណ ៧០ភាគរយប៉ុណ្ណោះ។ ដោយឡែកចំពោះអាជីវករ ដែលមិនទាន់បានបើកលក់ដូរ គឺគាត់មកបើកតូប ដើម្បីបោសសំអាត និងរៀបចំអីវ៉ាន់ ដើម្បីលក់នាថ្ងៃបន្តបន្ទាប់។ ក្នុងនាមអាជីវករផ្សារ ក៏ដូចអតិថិជន លោកបានថ្លែងអំណរគុណរាជរដ្ឋាភិបាល ពិសេសអភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង ដែលបានអនុញ្ញាតឲ្យបើកដំណើរការលក់ដូរផ្សារទាំង២៥ឡើងវិញ។

លោកបញ្ជាក់ថា ផ្សារចាក់អង្រែ មានតូបសរុប ៣៥០តូប ហើយសព្វថ្ងៃបានបើកដំណើរការលក់ដូចប្រក្រតីឡើងវិញ ជិតអស់ហើយ។

លោក គាត តូ បានបញ្ជាក់ថា ដើម្បីសុខុមាលភាពរបស់បងប្អូនអាជីវករ ពិសេសបងប្អូនប្រជាពលរដ្ឋចេញចូលផ្សារ លោក ឃួង ស្រេង បានណែនាំគណៈកម្មការផ្សារ ចុះបាញ់ថ្នាំមូស ឬថ្នាំសម្លាប់មេរោគ មុនបើកផ្សារ ឡើងវិញ និងដើម្បីជាការចូលរួមការពារនូវការឆ្លងជំងឺកូវីដ១៩ គឺបាញ់ថ្នាំសម្លាប់មេរោគ និងបាញ់ទឹកលាងសម្អាតទីធ្លាមុខផ្សារ តាមផ្លូវជុំវិញផ្សារ និងតាមចិញ្ចើមផ្លូវ ឲ្យមានអនាម័យល្អ បរិស្ថានស្អាត នេះគឺជាកត្តាសំខាន់ណាស់ ក្នុងការការពារការឆ្លងមេរោគនេះផងដែរ។

លោកថា «ការងារនេះ យើងមិនត្រូវមើលរំលងឡើយ ពេលបងប្អូនអតិថិជន អាជីវករ មករកទិញឥវ៉ាន់ ឬមហាជនទូទៅ ដែលចេញចូលផ្សារ គឺពួកគាត់ទទួលបានបរិយាកាសល្អ ដែលអាចចៀសបានពីការឆ្លងជំងឺកូវីដ១៩ បានមួយចំណែកផងដែរ។ ការងារនេះគណៈកម្មការផ្សារ បន្តចុះធ្វើជាប្រចាំ ពិសេសនៅថ្ងៃចុងសប្ដាហ៍ ដូចថ្ងៃនេះជាដើម»

គណៈកម្មការផ្សារ បានធ្វើការលាងសំអាតផ្សារ ក្នុងមួយសប្តាហ៍លាងម្តង ដោយលាងកន្លែងហូបចុក និងកន្លែងលក់បន្លែ សាច់ ដែលកន្លែងនេះ សំបូរដោយបាក់តេរីច្រើន បង្កអោយមានក្លិនស្អុយ ឆ្អេះ ឆ្អាប។ ប៉ុន្តែចំពោះកន្លែងមានលក់គ្រឿងទេស លក់សម្លៀកបំពាក់ គឺគាត់បោសជូតដោយខ្លួនឯងជារៀងរាល់ថ្ងៃទៅហើយ និងគណៈកម្មការក៏បានបាញ់ថ្នាំសម្លាប់មេរោគផងដែរ។

បើតាមសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ត្រូវបានអនុញ្ញាតឲ្យបើកដំណើរការគ្រប់អាជីវកម្ម-ការលក់ដូរជាប្រក្រតីឡើងវិញ ក្នុងក្របខ័ណ្ឌផ្សាររដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១តទៅ។

គ្រប់អាជីវកម្ម-ការលក់ដូរ ដែលត្រូវបានអនុញ្ញាតឲ្យបើកដំណើរការ ត្រូវអនុវត្តវិធានការសុវត្ថិភាព ផ្នែកសុខាភិបាលឲ្យបានម៉ឺងម៉ាត់ជាអាទិ៍ កាតព្វកិច្ចពាក់ម៉ាស, កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព, ការធ្វើអនាម័យដើម្បីសម្លាប់មេរោគ, ការវាស់កម្ដៅ, ការស្កេន QR Code និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ «៣ការពារ និង៣កុំ» របស់សម្ដេចតេជោ ហ៊ុន សែន៕