(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់អំពីការរកឃើញ និងបង្ហាញអត្ដសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន៤៣នាក់បន្ថែមទៀត ដែលក្នុងនោះសុទ្ធតែអ្នកពាក់ព័ន្ធជាមួយកម្មករ កម្មការិនីរោងចក្រ។
អ្នកដែលទើបរកឃើញឆ្លងជំងឺកូវីដ១៩ ទាំង៤៣នាក់នេះ មាននៅស្រុកបាធាយ ចំនួន២នាក់, ស្រុកកងមាស ចំនួន១នាក់, ស្រុកស្រីសន្ធរ ចំនួន១នាក់, ស្រុកកោះសូទិន ចំនួន១នាក់, ស្រុកស្ទឹងត្រង់ ចំនួន១នាក់, ក្រុងកំពង់ចាម ចំនួន៦នាក់, ស្រុកចំការលើ ចំនួន៤នាក់, ស្រុកជើងព្រៃ ចំនួន៧នាក់, ស្រុកព្រៃឈរ ចំនួន១៦នាក់, មកពីខេត្តកំពង់ធំ ចំនួន១នាក់, ខេត្តត្បូងឃ្មុំ ចំនួន៣នាក់។ ដោយឡែក អ្នកជាសះស្បើយមានចំនួន៧៩នាក់។
ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ចាម ក៏បានប្រកាសពីការស្លាប់របស់ស្ដ្រី២នាក់ផងដែរ ដោយសារជំងឺកូវីដ១៩ ឈ្មោះ ព្រាប រី អាយុ៦៥ឆ្នាំ រស់នៅភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម និងម្នាក់ទៀត ឈ្មោះ ហ៊ាន គីមហួរ អាយុ៥០ឆ្នាំ រស់នៅភូមិជើងឡង សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។
រដ្ឋបាលខេត្តកំពង់ចាម បានអំពាវនាវដល់អ្នកពាក់ព័ន្ធ និងធ្លាប់ប្រាស្រ័យទំនាក់ទំនងនឹងអ្នកជំងឺកូវីដ សូមទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬតាមរយៈលេខទូរស័ព្ទ 070 828 788 / 012 736 755។
បន្ថែមពីនេះ រដ្ឋបាលខេត្តកំពង់ចាម ក៏នៅតែអំពាវនាវបន្ដទៀតដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្ដអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ និង៣កុំ» និងត្រូវកែប្រែទម្លាប់នៃការរស់នៅ សម្របតាមបរិបទនៃជំងឺកូវីដ១៩ ដោយត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុមគ្រួសារ និងសហគមន៍ជៀសផុតពីជំងឺមហាប្រល័យនេះ៕