(ភ្នំពេញ)៖ វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ស៉ីណូវ៉ាក់ ចំនួន១លានដូសទៀត ត្រូវបានដឹកពីប្រទេសចិន មកដល់ប្រទេសកម្ពុជាហើយនៅព្រឹកថ្ងៃសៅរ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២១នេះ។ វ៉ាក់សាំងចំនួន ១លានដូសបន្ថែមទៀតនេះ ក្លាយជាចំណែកដ៏សំខាន់ក្នុងការជួយការពារសុខភាពប្រជាពលរដ្ឋកម្ពុជាពីការរាតត្បាតជំងឺកូវីដ១៩។
លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានប្រាប់ Fresh News ថា វ៉ាក់សាំងចំនួន ១លានដូស ដឹកមកដល់កម្ពុជាវេលាម៉ោងប្រមាណ១០ព្រឹក ហើយវ៉ាក់សាំង១លានដូសនេះ គឺជាវ៉ាក់សាំងដែលរាជរដ្ឋាភិបាលកម្ពុជា បញ្ជាទិញពីក្រុមហ៊ុនស៊ីណូវ៉ាក់របស់ចិន។
ជាងមួយឆ្នាំហើយដែលជំងឺកូវីដ១៩ បានរាតត្បាតនៅលើពិភពលោក។ ជាងមួយឆ្នាំនេះកម្ពុជាបានរកឃើញមនុស្ស ៤១,៥៨១នាក់ កើតជំងឺកូវីដ១៩ ហើយ ៣៩៤នាក់ បានស្លាប់បាត់បង់ជីវិត។ មកដល់ពេលនេះ វ៉ាក់សាំងកូវីដ១៩ ជាឧបករណ៍ដ៏សំខាន់មួយបន្ថែមទៀតក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងជួយការពារសុខភាពរបស់មនុស្ស ពីការវាយប្រហារដោយជំងឺកូវីដ១៩។
រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះឱ្យបានលឿន តាមដែលអាចធ្វើទៅបានជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន។ ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។
គិតចាប់ពីថ្ងៃទី០៧ ខែកុម្ភៈ មកដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ កម្ពុជាទទួលបានវ៉ាក់សាំងជាង ៨លានដូសរួចហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ វ៉ាក់សាំងកូវីដ១៩ ដែលទទួលបាន ហើយកំពុងចាក់ជូនប្រជាពលរដ្ឋនេះ គឺភាគច្រើនបំផុតជារបស់ប្រទេសចិន។
វត្តមានវ៉ាក់សាំងរបស់ចិនលើទឹកដីកម្ពុជា ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា កើតមានក្រោមចំណងទំនាក់ទំនងល្អ និងស្អិតល្មួតរវាងកម្ពុជា និងចិត្ត ហើយជាស្មារតីរួមគ្នាដ៏មុតមាំមួយរវាងប្រទេសទាំងពីរក្នុងការយកឈ្នះលើជំងឺកូវីដ១៩។
រដ្ឋាភិបាលចិន ធ្លាប់បានប្រកាសបង្ហាញនូវជំហរមុតមាំរបស់ខ្លួនជួយកម្ពុជាប្រយុទ្ធនឹងជំងឺកូវីដ១៩នេះ រហូតទទួលបានជោគជ័យ។ លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិន ធ្លាប់បានគូសបញ្ជាក់ថា ចិន និងកម្ពុជាជាបងប្អូនល្អនឹងគ្នា ដែលប្រៀបដូចដៃ និងជើង គឺជាមិត្តល្អនឹងគ្នា ដែលតែងជួយគ្នាទៅវិញទៅមក។ ដរាបណាជំងឺកូវីដនៅក្នុងប្រទេសកម្ពុជាមិនទាន់បញ្ចប់ ការផ្តល់ជំនួយរបស់ចិនមកកាន់ប្រទេសកម្ពុជាក៏មិនអាចបញ្ឈប់បានឡើយ។ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសកូវីដ ប្រជាជនចិនបន្តគាំទ្រជាមួយប្រជាជនកម្ពុជាជានិច្ច។
ប្រជាពលរដ្ឋកម្ពុជា និងជនបរទេសនៅកម្ពុជាផង សរុបជាង ៣លាននាក់ ស្មើនឹងប្រមាណ ៣២ភាគរយនៃចំនួនប្រជាពលរដ្ឋត្រូវចាក់វ៉ាក់សាំង បានចាក់វ៉ាក់សាំងរួចរាល់។ កម្ពុជា បានក្លាយជាប្រទេសជាប់ចំណាត់ថ្នាក់លេខ២ នៅក្នុងអាស៊ាន ដែលចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានច្រើន។
លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើង ប្រមាណ១៣លាននាក់ ត្រូវនឹងវ៉ាក់សាំងប្រមាណ ២៦លានដូស។ បើតាមលោកស្រី យក់ សម្បត្តិ វ៉ាក់សាំងទាំងនេះ កម្ពុជាបានចាត់ចែង និងបញ្ជាទិញរួចរាល់ផងដែរ។
ប្រជាពលរដ្ឋបានជ្រូតជ្រាបច្បាប់ពីគុណតម្លៃវ៉ាក់សាំង ក្នុងការការពារសុខភាពរបស់ពួកគេពីជំងឺកូវីដ១៩។ ពួកគេបានបង្ហាញការដឹងគុណ និងអរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ដែលបានស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋកម្ពុជា៕